ភូកេត៖ គោលនយោបាយកញ្ឆាសេរីរបស់ប្រទេសថៃ កំពុងតែរុញច្រានប្រទេសនេះឱ្យធ្លាក់ទៅក្នុងវិបត្តិថ្មីមួយទៀត និងកំពុងរងការរិះគន់កាន់តែខ្លាំងឡើងពីមជ្ឈដ្ឋានអន្តរជាតិ បន្ទាប់ពីអាជ្ញាធរបានបន្តបង្ក្រាប និងចាប់ខ្លួនជនបរទេសជាបន្តបន្ទាប់នៅព្រលានយន្តហោះអន្តរជាតិភូកេត ដែលព្យាយាមរត់ពន្ធកញ្ឆាចេញទៅក្រៅប្រទេសក្នុងបរិមាណរាប់សិបគីឡូក្រាម។ ករណីទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចន្លោះប្រហោងផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរ និងការបរាជ័យក្នុងការគ្រប់គ្រងទីផ្សារកញ្ឆាក្នុងស្រុករបស់រដ្ឋាភិបាលថៃ ដែលបណ្តោយឱ្យតំបន់ទេសចរណ៍លំដាប់ពិភពលោកប្រែ ក្លាយជាច្រកចេញនៃលំហូរគ្រឿងញៀនអន្តរជាតិ។

ជាក់ស្តែង កាលពីថ្ងៃទី៨ ខែកក្កដា នេះ មន្ត្រីគយប្រចាំព្រលានយន្តហោះអន្តរជាតិភូកេត បានឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Sergey Sharabari អាយុ ៣០ឆ្នាំ នៅក្នុងច្រកចេញអន្តរជាតិ នៅពេលដែលរូបគេកំពុងត្រៀមធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។ តាមរយៈការស្កេនពិនិត្យវ៉ាលីសរុញពណ៌ខៀវចំនួន២ របស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញផ្កាកញ្ឆាក្រៀមច្រកក្នុងថង់បូមខ្យល់ចេញចំនួន ៣៥កញ្ចប់ ទម្ងន់ ១១.៤គីឡូក្រាម និងជ័រ (Resin) កញ្ឆាចំនួន ១២ កញ្ចប់ ទម្ងន់ ៦.២គីឡូក្រាម ដែលកញ្ឆាសរុបមានទម្ងន់ជាង ១៧.៦គីឡូក្រាម និងមានតម្លៃប៉ាន់ស្មាននៅលើទីផ្សាររហូតដល់ទៅជាង ៩.៥លានបាត ឬប្រហែល ២៦ម៉ឺនដុល្លារអាមេរិក។ នៅក្នុងការសាកសួរជំហានដំបូង ជនសង្ស័យជនជាតិរុស្ស៊ីរូបនេះបានសារភាពថា វ៉ាលីស និងគ្រឿងញៀនដែលត្រូវបានដកហូតទាំងអស់នោះ ពិតជាជារបស់ខ្លួនពិតប្រាកដមែន។

ករណីរបស់ជនជាតិរុស្ស៊ីខាងលើ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការរត់ពន្ធដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែត្រឹមតែមួយថ្ងៃមុនការចាប់ខ្លួនបុរសជនជាតិរុស្ស៊ីនេះ ស្រ្តីជនជាតិបែលហ្ស៊ិកម្នាក់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រលានយន្តហោះដដែលនេះផងដែរ បន្ទាប់ពីមន្ត្រីគយបានឆែកឆេររកឃើញកញ្ឆាដែលមានទម្ងន់ដល់ទៅជាង ៣១គីឡូក្រាម លាក់ទុកក្នុងវ៉ាលីស នៅពេលដែលនាងរៀបចំចាកចេញពីប្រទេសថៃ។ និន្នាការនៃការប្រើប្រាស់ទឹកដីថៃធ្វើជាប្រភពកញ្ឆាខុសច្បាប់នេះ បានកើនឡើងយ៉ាងគំហុក ដោយសារតែការរីកដុះដាលនៃហាងលក់កញ្ឆានៅតាមតំបន់ទេសចរណ៍ដូចជាភូកេត បានធ្វើឱ្យជនបរទេសអាចទិញកញ្ឆាក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់បានដោយងាយស្រួល ដោយគ្មានការត្រួតពិនិត្យប្រភព ឬគោលបំណងច្បាស់លាស់ពីសំណាក់អាជ្ញាធរឡើយ។

ការដែលប្រទេសថៃបានសម្រេចលុបឈ្មោះកញ្ឆាចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់ ទោះបីជាក្នុងគោលបំណងជំរុញសេដ្ឋកិច្ចយ៉ាងណាក្តី ប៉ុន្តែមកទល់ពេលនេះ វាបានបង្កើតជាឋានសួគ៌កញ្ឆាខុសច្បាប់ សម្រាប់ក្រុមឧក្រិដ្ឋជនទៅវិញ ហើយវិធានការណ៍ផ្លូវច្បាប់របស់ថៃនាពេលបច្ចុប្បន្ន ហាក់បីដូចជាដើរមិនទាន់ល្បិចកលរបស់ក្រុមរត់ពន្ធនោះឡើយ ដោយទុកឱ្យមន្ត្រីគយនៅតាមព្រលានយន្តហោះក្លាយជាអ្នករងសម្ពាធ និងជាអ្នករែកពន្ធក្នុងការទប់ស្កាត់លំហូរគ្រឿងញៀនទាំងនេះនៅនាទីចុងក្រោយទៅវិញ។

បច្ចុប្បន្ន ជនសង្ស័យ Sergey Sharabari រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិស Sakhu ដើម្បីចោទប្រកាន់ពីបទល្មើសព្យាយាមនាំចេញទំនិញដោយមិនឆ្លងកាត់នីតិវិធីគយ និងនាំចេញគ្រឿងញៀនប្រភេទទី៥ ដោយគ្មានការអនុញ្ញាត ដែលល្មើសនឹងច្បាប់គយឆ្នាំ២០១៧ និងច្បាប់ស្តីពីការគ្រប់គ្រងឱសថបុរាណ។

យ៉ាងណាម៉ិញ ព្រឹត្តិការណ៍ចាប់ខ្លួនជនបរទេសជាបន្តបន្ទាប់នៅព្រលានយន្តហោះភូកេត រួមទាំងការបង្ក្រាបករណីជួញដូរគ្រឿងញៀនធំៗកាលពីពេលថ្មីៗនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសថៃកំពុងតែដើរចូលក្នុងអន្ទាក់សេដ្ឋកិច្ចដែលខ្លួនបានបង្កើតឡើង។ គោលនយោបាយកញ្ឆាសេរី ដែលធ្លាប់តែរំពឹងថា នឹងក្លាយជាមាសបៃតងរុញច្រានវិស័យទេសចរណ៍ ឥឡូវនេះបានក្លាយជាអាវុធមុខ២ ចាក់ត្រឡប់មកវិញ ដោយប្រែក្លាយទឹកដីថៃទៅជាមជ្ឈមណ្ឌលចែកចាយ និងរត់ពន្ធគ្រឿងញៀនលំដាប់អន្តរជាតិយ៉ាងអាម៉ាស់បំផុត។ ការបង្ក្រាបនៅចុងចរន្តតាមច្រកទ្វារព្រលានយន្តហោះ គ្រាន់តែជាការបិទបាំងដំបៅសង្គមម្ដងម្កាលតែប៉ុណ្ណោះ ដរាបណារដ្ឋាភិបាលថៃនៅតែបន្តបង្ហាញភាពទន់ជ្រាយ មិនហ៊ានលុបបំបាត់ចន្លោះប្រហោងផ្លូវច្បាប់ និងមិនមានវិធានការក្តៅក្នុងការគ្រប់គ្រងការជួញដូរក្នុងស្រុកឱ្យបានម៉ឺងម៉ាត់។

ប្រភព៖ The Thaiger

Share.