ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតឡាវដែលទើបតែងតាំងថ្មី បានបង្ហាញឆន្ទៈរួមគ្នាយ៉ាងមុតមាំក្នុងការសម្របសម្រួល និងបើកផ្លូវឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការជំរុញទំហំពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍវិស័យថាមពលប្រកបដោយចីរភាព សំដៅនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ។

នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សុនសៃ វណ្ណៈសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតនៃសាទារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទើបទទួលបានការតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងទេសចរណ៍។
នៅក្នុងឱកាសនៃជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានលើកឡើងអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម ដោយបានបង្ហាញឆន្ទៈរួមក្នុងការពិនិត្យលទ្ធភាពជំរុញ និងពន្លឿនការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញផ្លូវទឹក ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់លើការសម្របសម្រួល និងការធ្វើសាមញ្ញកម្មនៃនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃដើមភស្តុភារកម្ម ដែលជាកត្តាជំរុញដ៏មានឥទ្ធិពលដល់លំហូរពាណិជ្ជកម្មទ្វេភាគី វិស័យទេសចរណ៍ និងការធ្វើដំណើរទៅមកដោយរលូនរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
បន្ថែមលើសពីនេះ ភាគីកម្ពុជា និងឡាវ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងផ្តល់តម្លៃខ្ពស់លើការស្វែងរកកិច្ចសហការរួមគ្នា ដើម្បីបើកទំព័រថ្មីមួយទៀតក្នុងការលើកកម្ពស់ទំហំពាណិជ្ជកម្ម និងលំហូរវិនិយោគទ្វេភាគីឱ្យស្របតាមសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការបង្កលក្ខណៈងាយស្រួលដល់ធុរជន វិនិយោគិន និងសហគ្រាសនៃប្រទេសទាំងពីរ ក្នុងការស្វែងរកឱកាសវិនិយោគ បង្កើតដៃគូយុទ្ធសាស្ត្រ និងការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ។
ដោយឡែក ចំពោះការអភិវឌ្ឍលើវិស័យថាមពល ភាគីទាំងពីរបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិបត្តិការនេះ ដើម្បីធានាបាននូវសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ ក្នុងនោះដែរ ភាគីទាំងពីរបានពិភាក្សាលើគម្រោងតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រក្នុងការរួមចំណែកធ្វើសមាហរណកម្មថាមពល និងការបែងចែកប្រភពថាមពលកកើតឡើងវិញ (Renewable Energy) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅ និងបិទបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងពោរពេញដោយភាសាមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-ឡាវ ទៅថ្ងៃអនាគត៕




