(ភ្នំពេញ)៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសបង្ហាញជំហរគាំទ្រយ៉ាងមុតមាំ ដល់ការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនាដោយសន្តិវិធី ក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬគណៈកម្មការចម្រុះព្រំដែន (JBC) ដោយឈរលើគោលការណ៍មជ្ឈភាពអាស៊ាន និងបានសង្កត់ធ្ងន់ថា ការប្រើប្រាស់​​កម្លាំងយោធាមិនមែនជាជម្រើសឡើយ។

ការបញ្ជាក់ជំហរដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅរាជធានីភ្នំពេញ រវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាដ៏មានអត្ថន័យនោះ ភាគីម៉ាឡេស៊ីបានវាយតម្លៃខ្ពស់ចំពោះកងទ័ពកម្ពុជា ដែលបានបង្ហាញនូវភាពបរិសុទ្ធស្រឡាញ់សន្តិភាព និងភាពអត់ធ្មត់ខ្ពស់បំផុត ដោយមិនផ្ទុះអាវុធ បើទោះបីជាស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមកមានភាពរសើបក៏ដោយ។

ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់ និងរក្សាស្ថិរភាពយូរអង្វែង ភាគីម៉ាឡេស៊ីបានប្តេជ្ញា បន្តគាំទ្រយ៉ាងពេញទំហឹង ដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលជាយន្តការទប់ស្កាត់ជម្លោះដ៏មានប្រសិទ្ធភាព និងបានរួមចំណែកការពារសន្តិភាព នៅតាមតំបន់ព្រំដែន និងក្នុងតំបន់អាស៊ានទាំងមូល។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដែលចំពេលខួបលើកទី៦៩ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានឆ្លៀតឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី ដែលតែងតែឈរជើងជាមួយកម្ពុជា ក្នុងនាមជាអ្នករក្សាសន្តិភាព តាំងពីសម័យបេសកកម្មអ៊ុនតាក់ (UNTAC) ឆ្នាំ១៩៩៣ រហូតដល់តួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ កន្លងទៅ តាមរយៈការផ្តួចផ្តើមបង្កើតក្រុម AOT នេះឡើង។

អគ្គមេបញ្ជាការកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីនូវជំហរដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន ដោយមិនទទួលយកដាច់ខាតនូវការប្រើប្រាស់កម្លាំងយោធា ដើម្បីកែប្រែបន្ទាត់ព្រំដែន។

ក្រៅពីបញ្ហាព្រំដែន ថ្នាក់ដឹកនាំយោធាកំពូលនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យឡើងដល់កម្រិតថ្មីមួយទៀត។ ភាគីកម្ពុជាបានស្នើ ហើយភាគីម៉ាឡេស៊ីបានប្រកាសគាំទ្រពេញទំហឹង លើការងារសំខាន់ៗរួមមាន៖ ១. ពន្លឿនការចុះអនុស្សរណៈយោគយល់ (MoU) លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ២. ពង្រីកការបណ្តុះបណ្តាល និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពគ្រប់ប្រភេទ និងទី៣. បង្កើនការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងគំរាមកំហែងដល់សន្តិសុខតំបន់។

សូមជម្រាបថា ជំនួបទ្វេភាគីនេះ បានបិទបញ្ចប់ទៅដោយផ្លែផ្កា និងការយល់ចិត្តគ្នាកម្រិតខ្ពស់ ដែលជាសញ្ញាណវិជ្ជមានបង្ហាញពីការរួមគ្នារវាងសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាតំបន់ដោយស្មារតីសាមគ្គីភាព និងយោគយល់គ្នា៕

Share.