ការបោះជំហ៊ានមកលើទឹកដីវប្បធម៌អរិយធម៌នៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន មិនត្រឹមតែជាទស្សនកិច្ចការទូតយោធាធម្មតានោះទេ ប៉ុន្តែវាបានឆ្លុះបង្ហាញពីព្រឹត្តិការណ៍យុទ្ធសាស្ត្រមួយដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ក៏ដូចជាសម្រាប់ស្ថិរភាពក្នុងតំបន់អាស៊ានទាំងមូល។

ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរយៈពេល ៤ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ កក្កដា ២០២៦ បានបង្កប់នូវសារៈសំខាន់ជាយុទ្ធសាស្ត្រចំនួន ៣ ចំណុច ដែលយើងគួរតែធ្វើការកត់សម្គាល់ និងវិភាគ៖
ទី១ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងទំនាក់ទំនងមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
គោលបំណងចម្បងនៃទស្សនកិច្ចនេះ គឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពម៉ាឡេស៊ី។ នៅក្នុងបរិបទពិភពលោក និងតំបន់ដែលកំពុងជួបប្រទះនឹងការប្រែប្រួលសន្តិសុខយ៉ាងស្មុគស្មាញ ការរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ នឹងក្លាយជាខែលការពារ និងជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មានសម្ងាត់ និងការហ្វឹកហ្វឺនរួមគ្នា។
ទី២ ជាការបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីឯកឧត្តមទើបត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថ្មី។
ការជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទស្សនកិច្ចផ្លូវការដំបូងៗ បន្ទាប់ពីការទទួលបានតំណែងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថ្មីរបស់ លោកនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន គឺជានិមិត្តរូបនយោបាយដ៏សំខាន់។ វាបានឆ្លុះបញ្ចាំងថា ម៉ាឡេស៊ីនៅតែផ្តល់តម្លៃខ្ពស់បំផុតដល់កម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន និងជាការបន្តវេននូវទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំយោធាជំនាន់មុន និងជំនាន់ក្រោយ។

និងទី៣ អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងម៉ាឡេស៊ី ដែលកំពុងបំពេញបេសកកម្មជាអ្នកសង្កេតការណ៍អាស៊ាន។
សកម្មភាពនៃការអញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងម៉ាឡេស៊ី ដែលកំពុងបំពេញបេសកកម្មជាអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការគាំទ្រដល់យន្តការសន្តិសុខពហុភាគីរបស់អាស៊ាន។ ការណ៍នេះសញ្ជាក់ថា ទាំងកម្ពុជា និងម៉ាឡេស៊ី មិនត្រឹមតែគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរួមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជារួមមកវិញ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ីនៅលើទឹកដីកម្ពុជានាពេលនេះ គឺជាសញ្ញាណវិជ្ជមានមួយ ដែលបង្ហាញពីភាពរឹងមាំនៃចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ លទ្ធផលនៃជំនួប និងកិច្ចពិភាក្សានានាក្នុងអំឡុងពេល ៤ថ្ងៃនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការជំរុញឱ្យទំនាក់ទំនងយោធា កម្ពុជា-ម៉ាឡេស៊ី ឈានឡើងដល់កម្រិតកំពូលថ្មីមួយទៀត ដែលជាចំណែកមួយមិនអាចខ្វះបានក្នុងការធានាថា តំបន់អាស៊ាននៅតែជាតំបន់ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិរន្តរ៍៕

