ទីក្រុងបាងកក៖ នៅក្នុងបទបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយស្តីពី «ទិសដៅយុទ្ធសាស្ត្រឧស្សាហកម្មការពារប្រទេសថៃ» ដែលបានធ្វើឡើងនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារ៉ើន រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសជាសាធារណៈនូវជំហាននយោបាយយោធាដ៏គួរឱ្យកត់សម្គាល់មួយ ដោយលោកបានជំរុញឱ្យក្រុមហ៊ុនផលិតអាវុធឯកជនក្នុងស្រុក យកយុទ្ធោបករណ៍ទំនើបៗ រាប់ចាប់តាំងពីកាំភ្លើង រហូតដល់ដ្រូន (Drone) និងប្រព័ន្ធប្រឆាំងដ្រូន ទៅដាក់ពង្រាយ និងសាកល្បងប្រើប្រាស់ជាក់ស្តែងនៅក្នុង «សមរភូមិ និងតំបន់ប្រយុទ្ធ» តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្ដីប្រកាសបើកចំហបែបនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ដែលភាគីថៃធ្វើឡើងក្នុងគោលបំណងបង្កើតភាពជឿជាក់ជូនដល់មេបញ្ជាការកងទ័ពថៃក្នុងការបញ្ជាទិញផង និងជាផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មបង្ហាញទៅកាន់ពិភពលោកផង ដើម្បីបើកផ្លូវឱ្យមាននាំចេញអាវុធដែលផលិតដោយដៃជនជាតិថៃទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារ៉ើន បានទទួលស្គាល់ត្រង់ៗថា បច្ចុប្បន្នបច្ចេកវិទ្យាយោធារបស់វិស័យឯកជនថៃមានភាពរឹងមាំខ្លាំង រហូតអាចផលិតយុទ្ធោបករណ៍ធុនធ្ងន់ និងប្រព័ន្ធស្វ័យប្រវត្តដូចជា D11A, ATMG, ATMF រួមទាំងបច្ចេកវិទ្យាកង់ទុម (Quantum) និងសន្តិសុខសាយប័រ ដែលមិនចាញ់ប្រទេសណាមួយនៅក្នុងតំបន់អាស៊ីឡើយ។

ប៉ុន្តែជាអកុសលដែលផលិតយុទ្ធោបករណ៍ និងប្រព័ន្ធយោធាទំនើបៗដែលថៃបានផលិតឡើងបែរជាលក់មិនដាច់ ហើយសូម្បីតែមេបញ្ជាការកងទ័ពថៃខ្លួនឯងផ្ទាល់ ក៏មិនសូវមានទំនុកចិត្តក្នុងការទិញយកទៅប្រើប្រាស់ដែរ។ ដូច្នេះដើម្បីបំបែករបាំងឧសគ្គនេះបាន លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលមានសមរភូមិ និងតំបន់ឈរជើងស្រាប់ទៅហើយ ដូច្នេះក្រុមហ៊ុនថៃត្រូវតែហ៊ានវិនិយោគយកអាវុធទាំងនោះទៅឱ្យទាហានសាកល្បងប្រយុទ្ធជាក់ស្តែង។ តើនោះបានន័យថា រដ្ឋាភិបាលថៃបានប្រើសមរភូមិជម្លោះព្រំដែនជាមួយកម្ពុជាជាការដកបទពិសោធន៍ការសាកល្បងអាវុធមែនទេ? ចុះជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធជាតិ លំនៅដ្ឋានពលរដ្ឋខ្មែរ មិនត្រូវខ្ទេចដោយសារការសាកល្បងរបស់ថៃដើម្បីតែភាពលោភលន់ទេឬ?
ច្បាស់ណាស់ សមរភូមិព្រំដែនកម្ពុជា-ថៃ នឹងក្លាយជាទីលានពិសោធន៍អាវុធពិតប្រាកដ ព្រោះថានៅក្នុងសម្ដីទាំងស្រុងរបស់ លោករដ្ឋមន្ត្រីការពារជាតិថៃបានលើកឡើងចំៗឈ្មោះខេត្តដែលស្ថិតនៅក្នុងភូមិសាស្ត្រយោធា និងជាប់ព្រំដែនកម្ពុជា រួមមាន៖ ខេត្តអ៊ូប៊ុន ខេត្តស៊ីសាខេត ខេត្តសុរិន្ទ ខេត្តបុរីរ៉ាំ និងខេត្តស្រះកែវ។ លោកបានចាត់ទុកតំបន់ទាំងនេះថាជាតំបន់ដែលជាការប្រយុទ្ធដ៏សំខាន់។

រដ្ឋមន្ត្រីការពារជាតិថៃរូបនេះបានសង្កត់ធ្ងន់ថា៖ «យើងមានសមរភូមិស្រាប់ទៅហើយ យើងមានតំបន់ស្រាប់ទៅហើយ យកទៅសាកល្បងប្រើប្រាស់ បង្កើតភាពជឿជាក់ ខ្ញុំជឿជាក់ថាបើវាល្អ ពួកគាត់ច្បាស់ជាទិញ»។ លោកបានបន្ថែមទៀតថា ការយកអាវុធទៅដាក់ក្នុងតំបន់ព្រំដែនទាំងនេះ គឺជាយុទ្ធសាស្ត្របើកទីផ្សារជំហានដំបូង។ លោកផ្ទាល់នឹងធ្វើតួនាទីជាអ្នកលក់ដូរ ឬជាអ្នកនាំយកយុទ្ធោបករណ៍ទាំងនោះទៅបង្ហាញមេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដើម្បីឈានទៅរកការចុះកិច្ចសន្យាទិញដូរផ្លូវការ។
សូមជម្រាបថា ការសម្រេចចិត្តយកតំបន់ព្រំដែនធ្វើជាកន្លែងសាកល្បងអាវុធនេះ ក៏ត្រូវបានលោករដ្ឋមន្ត្រីការពារជាតិថៃពន្យល់ថា លោកពិតជាមានក្តីសោមនស្សខ្លាំងណាស់ចំពោះការវិវត្តនេះ ហើយរដ្ឋាភិបាលបានត្រៀមរួចជាស្រេចនូវ កញ្ចប់ថវិកាកណ្តាល ដើម្បីបញ្ជាទិញអាវុធដែលផលិតក្នុងស្រុកទាំងនេះ យកទៅប្រើប្រាស់ក្នុងសមរភូមិជាក់ស្តែង ដែលវានឹងក្លាយជាការសម្ញែងសាច់ដុំយោធា និងគុណភាពអាវុធថៃទៅកាន់ពិភពលោកទាំងមូលផងដែរ៕

