អង្គភាពស៊ើបអង្កេតពិសេសផ្នែកអន្តោប្រវេសន៍នៃការិយាល័យអន្តោប្រវេសន៍សេអ៊ូល ស្ថិតនៅក្រោមក្រសួងយុត្តិធម៌ បានប្រកាសថា ខ្លួនបានចាប់ខ្លួន និងបញ្ជូនខ្លួនបុគ្គលពីររូប (តំណាងដោយអក្សរ A និង B) ទៅកាន់ការិយាល័យព្រះរាជអាជ្ញាប្រចាំតំបន់កណ្តាលក្រុងសេអ៊ូល កាលពីចុងខែមេសា និងពាក់កណ្តាលខែមិថុនា រៀងៗខ្លួន ពីបទល្មើស​រំលោភលើច្បាប់គ្រប់គ្រងអន្តោប្រវេសន៍។

ជនសង្ស័យទាំងពីររូបនេះ ត្រូវបានចោទប្រកាន់ថាបានរកចំណូលប្រមាណ ២០០ លានវ៉ុន ប្រមាណ១៥ម៉ឺន​ដុល្លារ​ (សម្រាប់បុគ្គល A) និង ៤០០ លានវ៉ុន​ ប្រមាណ​៣០ម៉ឺន​ដុល្លារ​ (សម្រាប់បុគ្គល B) ពីការប្រកបរបរលក់ប្រវេសនីនៅក្នុងតំបន់នានា រួមទាំងក្រុងសេអ៊ូល និងប៊ូសាន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៦ ដោយគិតថ្លៃសេវាចន្លោះពី ១០០,០០០ វ៉ុន (៧៥ដុល្លារ) ទៅ ២១០,០០០ វ៉ុន (២០០​ដុល្លារ)​ ក្នុងមួយលើក។

ពួកគេបានធ្វើដំណើរចូលមកក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ២០២៣ ហើយបានបន្តស្នាក់នៅជាជនអន្តោប្រវេសន៍ខុសច្បាប់អស់រយៈពេលជាង ៣ ឆ្នាំ ដោយបានស្វែងរកម៉ូយ (អតិថិជន) តាមរយៈការបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មរៀបរាប់ពីភិនភាគរាងកាយរបស់ពួកគេនៅលើគេហទំព័រសម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ឬតាមរយៈការបង្ហោះវីដេអូរួមភេទដែលថតដោយខ្លួនឯងនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន។

ក្រៅពីនេះ ពួកគេក៏បានព្យាយាមគេចវេសពីការបង្រ្កាបរបស់ប៉ូលិស ដោយតម្រូវឱ្យអតិថិជនផ្ញើរូបថតបញ្ជាក់ពីការមកដល់របស់ពួកគេនៅក្បែរផ្ទះល្វែង (Studio apartment) ជាមុនសិន ទើបប្រាប់លេខបន្ទប់ពិតប្រាកដជាក្រោយ។

បច្ចុប្បន្ន អង្គភាពស៊ើបអង្កេតពិសេសផ្នែកអន្តោប្រវេសន៍ កំពុងបន្តតាមដានបណ្តាញសង្គម និងគេហទំព័រអាសអាភាសនានា ដោយសារមានការសង្ស័យថា អាចនឹងមានជនបរទេសផ្សេងទៀតដែលកំពុងប្រកបរបរលក់ប្រវេសនីដោយប្រើប្រាស់វិធីសាស្ត្រស្រដៀងគ្នានេះដែរ៕

https://troryorng.com/
Share.