ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការបន្ថយកម្រិតបម្រាមរបស់​សាធារណរដ្ឋកូរ៉េ នៅ​ពេល​នេះ​គឺ​ជាការយល់​ត្រូវ និង​ជាការផ្ដល់​យុត្តិធម៌ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យភ្ញៀវបរទេសទាំងអស់​ ជាពិសេស​បងប្អូន​មក​ពី​កូរ៉េ ខាងត្បូង អ្នក​វិនិយោគទុក​ទាំងអស់​ ពិសេស​មក​ពី​កូរ៉េ លែង​មាន​ការ​សង្ស័យ ​ពី​ការ​ផ្សព្វផ្សាយ​អវិជ្ជមានក្នុង​ចរិក​មួលបង្កាច់​ តាម​រូប​ភា​ព​ផ្សេងៗ​មក​លើ​កម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Korea Times បានផ្សាយថា ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានបន្ថយកម្រិតការព្រមានធ្វើដំណើរសម្រាប់តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីកម្រិតទី៤ (ហាមធ្វើដំណើរ) មកកម្រិតទី៣ (ណែនាំឱ្យចាកចេញពីតំបន់) បន្ទាប់ពីវាយតម្លៃឃើញថា ស្ថានភាពសន្តិសុខមានភាពប្រសើរឡើង។ ការហាមឃាត់នេះត្រូវបានដាក់អនុវត្តតាំងពីខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានដកចេញក្រោយករណីបទល្មើសពាក់ព័ន្ធជនជាតិកូរ៉េនៅកម្ពុជា បានថយចុះរហូតដល់ ៩៤ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងសេចក្ដីថ្លែងការណ៍ជាសារសំឡេង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកការសម្រេចចិត្តរបស់ភាគីកូរ៉េថា ជាជំហានដ៏ត្រឹមត្រូវ ដែលផ្តល់យុត្តិធម៌ដល់កម្ពុជា និងឆ្លុះបញ្ចាំងពីការពិតអំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេស។ លោកថា ការបន្ធូរកម្រិតការព្រមាននេះ នឹងជួយលុបបំបាត់ការយល់ច្រឡំដែលកើតឡើងពីព័ត៌មានអវិជ្ជមានមួយចំនួន និងរួមចំណែកបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស ជាពិសេសប្រជាពលរដ្ឋកូរ៉េ ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើន។

លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្រសួង​មហាផ្ទៃ ក្នុង​នាម​ជាសេនាធិការ ជូន​រាជរដ្ឋាភិបាល ដែល​ដឹក​នាំដ៏​ស្វាហាប់​របស់​សម្ដេច​​ម​ហាបវធិបតី ហ៊ុន ម៉ាណែត សូម​បញ្ជាក់​ជូន​បងប្អូន​ទាំង​ជាតិ​ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា កម្ពុជា​ គ្រប់​គ្រង​សន្តិ​សុខ​សណ្ដាបធ្នាប់​ សុវត្តិភាព​សង្គម​បាន​ហើយ​កម្ពុជា​ពុំ​មែន​ជាជម្រក់ ឬ​ក៏​ជាឋាន​សួគ៌របស់​ឧក្រិដ្ឋជន​នោះ​ទេ ដ​ូច​ដែល​ប្រសាសន៍​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​គូស​បញ្ជាក់ជាបន្តបន្ទាប់​រួច​មក​ហើយ​ដែរ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការ​បន្ថយកម្រិតបំរាម​ពី​សាធារណរដ្ឋកូរ៉េ គឺបង្ហាញ​ពី​ការ​ទទួល​ស្គាល់​ប្រសិទ្ធិភាព​សន្តិសុខ របស់​កម្ពុជា ទាំងមូល និង​ទទួល​ស្គាល់​ចំណាត់​ការ​ដ៏​អង្គ​អាច​ស្វាហាប់ ប្រកប​ដោយ​ឆន្ទ:​ទទួល​ខុសត្រូវ ក្នុង​ការបង្ក្រាប បោសសម្អាត និង​កំពុង​បន្ត​វាយ​កម្ទេច ក្រុម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យាដែល​ដឹក​នាំជារួម​ដោយ​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ព​ុជា និង​ជាប្រធាន គណកម្មាការចំពោះកិច្ចប្រឆាំងនិងបទល្មើសឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា​របស់​រាជរដ្ឋាភិបាល។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សមត្ថកិច្ចក្នុង​ក្របខណ្ឌក្រសួងមហាផ្ទៃ តែង​តែអនុវត្តន៍​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​តែង​តែ​ធ្វើ​ការងារ​ជាប្រចាំ​ជាមួយ​ភាគីកូរ៉េ ពោលគឺ​អគ្គស្នងការដ្ឋាននគរបាលជាតិ​ចំណុះ​ក្រសួង​មហាផ្ទៃ ធ្វើ​កិច្ច​ការ​ងារ​ជាមួយ​សមត្ថកិច្ច​របស់​សាធារណ:​រដ្ឋកូរ៉េ ដោយ​បាន​បង្កើ​នូវ​ក្រុម​ការងារ​ចម្រុះ​មួយ​ហៅ​ថា (Task Force) សម្រាប់សហការបង្ក្រាបបទល្មើសបច្ចេកវិទ្យាជាប្រចាំ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​បន្ថែម​ថា ទន្ទឹមនឹងនេះ កម្ពុជាក៏បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ រួមមាន FBI របស់សហរដ្ឋអាមេរិក នគរបាលសហព័ន្ធអូស្ត្រាលី ភាគីចិន និងបណ្ដាប្រទេសជាច្រើនទៀត តាមរយៈការផ្លាស់ប្ដូរព័ត៌មាន និងកិច្ចប្រជុំជំនាញជាប្រចាំ។

លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញជំនឿថា ដោយផ្អែកលើប្រសិទ្ធភាពការងារ តម្លាភាព និងឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា កម្ពុជានឹងបន្តទទួលបានការជឿទុកចិត្ត និងការគាំទ្រកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ហើយការពិតអំពីស្ថានភាពសន្តិសុខនៅកម្ពុជា នឹងកាន់តែត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ និង​មាន​ការជឿជាក់​ថាការពិត​នឹង​ផ្ដល់​ឱ្យកម្ពុជាវិញ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

Share.