កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្តឹងជំទាស់ទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅឃុំចំនួន៣ ក្នុងស្រុកចំការលើ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។




កិច្ចប្រជុំនេះផ្តោតលើការពិនិត្យករណីបណ្តឹងរបស់ឈ្មោះ លាង មួយងីម ដែលបានស្នើសុំទប់ស្កាត់ការចេញប្លង់រឹងលើដីរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងឃុំចំនួន៣ នៃស្រុកចំការលើ។ ករណីនេះបានប៉ះពាល់ដល់ដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ពិនិត្យឯកសារ និងប្រវត្តិដីធ្លីឱ្យបានម៉ត់ចត់ ស្របតាមគោលការណ៍ច្បាប់ ព្រមទាំងចុះស្រាវជ្រាវនៅទីតាំងជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី និងបញ្ចប់វិវាទដោយសន្តិវិធី។



ជាមួយគ្នានេះ អភិបាលខេត្តក៏បានដាក់ចេញវិធានការបន្តដល់មន្ត្រីពាក់ព័ន្ធ ឱ្យពន្លឿនការងារនៅមូលដ្ឋាន ដើម្បីជំរុញដំណើរការចេញប្លង់រឹងជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់។

