«យើងនឹងបំផ្លាញភ្នំភីកអ៊ែកស៍ (Pickaxe) ចូរប្រាប់អ៊ីរ៉ង់ឱ្យត្រៀមខ្លួនទុកជាមុនទៅ»។ នេះជាការថ្លែងឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងកម្មវិធី Hugh Hewitt Show កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

ក្រោយសម្ដីថ្លែងដ៏មុតស្រួចរបស់ប្រធានាធិបតីអាមេរិក​រូបនេះរួច ធ្វើ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​មន្ទិល​សង្ស័យ​និង​ចង់​ដឹង​ថា តើ​ភ្នំភីកអ៊ែកស៍នេះ មាន​សារៈសំខាន់បែបណាសម្រាប់​អ៊ីរ៉ង់ ទើបធ្វើ​ឱ្យ​លោក​ត្រាំ យកមក​គំរាម​?

«ភ្នំភីកអ៊ែកស៍» ឬមានឈ្មោះមួយទៀតថា ឃូ-អេ កូឡាង ហ្គាស ឡា (Kuh-e Kolang Gaz La) គឺជាឈ្មោះនៃបន្ទាយយោធាក្រោមដីដ៏រឹងមាំរបស់អ៊ីរ៉ង់ ស្ថិតនៅក្នុងជួរភ្នំហ្សាក្រូស (Zagros Mountains) ដែលជាខ្សែបន្ទាត់ព្រំដែនភាគខាងលិចរបស់អ៊ីរ៉ង់តភ្ជាប់ជាមួយអ៊ីរ៉ាក់។ ទីតាំងនេះស្ថិតនៅកៀកនឹងរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម​ណាតានហ្ស៍ (Natanz) ដែលធ្លាប់បានរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីសំណាក់សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែល នៅក្នុងសង្គ្រាម ១២ថ្ងៃ កាលពីឆ្នាំ២០២៥ កន្លងទៅ។

កាលពីអំឡុងឆ្នាំ២០២០ អ៊ីរ៉ង់បានប្រកាសសាងសង់រោងចក្រផលិតម៉ាស៊ីន Centrifuge សម្រាប់ប្រើប្រាស់ក្នុងដំណើរការចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលនោះគឺភ្នំភីកអ៊ែកស៍នេះឯង។ បន្ទាប់មកនៅឆ្នាំ២០២២ រូបថតពីផ្កាយរណបរបស់ក្រុមហ៊ុនផ្តល់សេវាកម្មទិន្នន័យរូបភាពផ្កាយរណបអាមេរិក Planet Labs PBC បានបង្ហាញឱ្យឃើញថា អ៊ីរ៉ង់បានជីករូងក្រោមដីយ៉ាងជ្រៅទៅក្នុងភ្នំនោះ ហើយគេជឿជាក់ថារោងចក្រមួយនេះស្ថិតនៅជម្រៅជ្រៅក្រោមដីចន្លោះពី ៨០ ទៅ ១០០ ម៉ែត្រ។

កម្រិតជម្រៅខាងលើនេះអាចជាបញ្ហាចោទ។ បើតាមការបញ្ជាក់ពីកងទ័ពអាកាសសហរដ្ឋអាមេរិក គ្រាប់បែកកម្ទេចលេណដ្ឋាន (Bunker Buster) ដែលមានឥទ្ធិពលបំផុតរបស់អាមេរិក អាចទម្លុះទម្លាយលេណដ្ឋានក្រោមដីបានត្រឹមតែជម្រៅ ៦០ ម៉ែត្រប៉ុណ្ណោះ។

«យើងកំពុងតាមដានភ្នំភីកអ៊ែកស៍យ៉ាងដិតដល់បំផុត។ យើងមិនទាន់ឃើញមានចលនាណាមួយឡើយ។ ពួកគេ (អ៊ីរ៉ង់) ចាត់ចែងស្ថានការណ៍ពាក់ព័ន្ធនឹងនុយក្លេអ៊ែរបានមិនសូវល្អនោះទេ ប៉ុន្តែរាល់ពេលដែលយើងឮរឿងនេះ យើងនឹងបំផ្លាញវាចោល។ នោះហើយជាហេតុផលដែលធ្វើឱ្យពួកគេមិនសូវចង់និយាយពីវា ប៉ុន្តែក្នុងពេលឆាប់ៗនេះ យើងអាចនឹងសាកល្បងវាយប្រហារលើភ្នំភីកអ៊ែកស៍មើលម្តង»។ លោក ត្រាំ បានថ្លែងសង្កត់ធ្ងន់បែបនេះ៕

https://troryorng.com/
Share.