បាត់ដំបង÷ ជំនន់ទឹកភ្លៀងស្ទឹងសង្កែបានហូរស្រុងចាក់ចូលទៅដល់ផ្នែកមួយចំនួនរបស់ស្រុកឯកភ្នំបានបណ្ដាលឲ្យប៉ះពាល់ជនលិចសាលារៀនចំនួន ៣ កន្លែងបានបិទទ្វារ និងប៉ះពាល់ដំណាំស្រូវជិត ១០០០ហិកតាផ្សេងទៀត។




លោក ប៊ី សុភាព អភិបាលស្រុកឯកភ្នំបានបញ្ជាក់ប្រាប់ឲ្យដឹងថា÷ គិតមកដល់អំឡុងវេលាម៉ោង ១១:០០នាទីជិតថ្ងៃត្រង់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦នេះទឹកជំនន់ដែលហូរស្រុងមកពីប៉ែកខាងលើតំបន់ព្រៃភ្នំ ស្រុកសំឡូត បានហូរចាក់ចូលដល់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំមួយចំនួនហើយ ដោយបានប៉ះពាល់ជន់លិចភូមិចំនួន ៦ ក្នុងឃុំព្រែកនរិន្ទ ក្នុងនោះបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៩ កន្លែងប្រវែងប្រមាណ ១ ២០០ម៉ែត្ររួមមាន: ផ្លូវកៅស៊ូ ចំនួន ៧៥០ ម៉ែត្រ, ផ្លូវក្រួសក្រហម ៤៥០ ម៉ែត្រ, ស្ពានមួយកន្លែងរងការបាក់ស្រុតឋិតក្នុងភូមិព្រែកត្រប់ និងសាលាបឋមសិក្សាចំនួន ៣ទីតាំងមាន សាលាបឋមសិក្សារហាលសួង, សាលាបឋមសិក្សារាជដូនកែវ និងសាលាបឋមសិក្សាព្រែកត្រប់ត្រូវបានបិទទ្វារផ្អាកដំណើរការទាំងស្រុង។




ឥទ្ធិពលនៃទឹកជំនន់ខាងលើនេះក៏បានប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៧៨៣ ហិចតាផងដែរឋិតក្នុងឃុំព្រែកនរិន្ទ, ឃុំព្រែកខ្ពប និងឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។




មន្ត្រីរដ្ឋបាលស្រុកដដែលបានបន្ថែមថា÷ ចំពោះមុខនេះអាជ្ញាធរកំពុងបន្តការតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញស្ថានភាពទឹកជំនន់នេះ នឹងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកូនចៅមនុស្សចាស់ ឬក៏ត្រូវឲ្យបញ្ឈប់ការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទដើម្បីរក្សាការពារនិងបញ្ជៀសនូវផលប៉ះពាល់កំណាត់ផ្លូវនានាដែលកំពុងតែយាយីដោយទឹកជំនន់នេះ៕
អត្ថបទ: ដំបងក្រញូង
