គម្រោងកញ្ឆាសេរីដ៏ចម្រូងចម្រាសរបស់ប្រទេសថៃ កំពុងតែបង្កផលប៉ះពាល់ និងការលំបាកយ៉ាងខ្លាំងដល់បណ្តាប្រទេសជិតខាង និងសហគមន៍អន្តរជាតិ បន្ទាប់ពីសមត្ថកិច្ចគយឥណ្ឌាបានរកឃើញ និងរឹបអូសកញ្ឆាលំដាប់ខ្ពស់ (Hydroponic) ទម្ងន់ប្រមាណ ១,៥ គីឡូក្រាម ដែលត្រូវបានគេលាក់ទុកនៅក្រោមពូកអង្គុយរបស់អ្នកដំណើរលើយន្តហោះ ដែលធ្វើដំណើរចេញពីកោះភូកេត ប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុងញូដេលី កាលពីថ្ងៃទី ១២ ខែកក្កដា កន្លងទៅនេះ។

ការបង្ក្រាបគ្រឿងញៀនឆ្លងដែននេះ បានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi (IGI) ក្រោមប្រតិបត្តិការដឹកនាំដោយអង្គភាពស៊ើបការណ៍អាកាស (AIU)។ អាជ្ញាធរឥណ្ឌាបានប្រើប្រាស់ប្រព័ន្ធទិន្នន័យវិភាគព័ត៌មានអ្នកដំណើរមុនពេលហោះហើរ (APIS) ដើម្បីកំណត់មុខសញ្ញា និងស្ទាក់ចាប់អ្នកដំណើរម្នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរ AI2377 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ចេញពីភូកេត។

ទោះបីជាគ្មានការរកឃើញសារធាតុហាមឃាត់នៅក្នុងវ៉ាលីរបស់អ្នកដំណើរក៏ដោយ ប៉ុន្តែការឆែកឆេរយ៉ាងហ្មត់ចត់លើយន្តហោះ បានលាតត្រដាងនូវកញ្ចប់កញ្ឆាចំនួន ៦ ស្មើនឹង ១,៥ គីឡូក្រាម លាក់នៅក្រោមពូកអង្គុយជួរទី ១២។ អ្នកដំណើររូបនោះបានសារភាពថាខ្លួនពិតជាបានលាក់គ្រឿងញៀនទាំងនោះមែន ហើយត្រូវបានចាប់ខ្លួនភ្លាមៗក្រោមច្បាប់ស្តីពីសារធាតុញៀន និងសារធាតុប៉ះពាល់ផ្លូវចិត្ត (NDPS) ឆ្នាំ ១៩៨៥ របស់ឥណ្ឌា។

ករណីចុងក្រោយនេះ បានទាញការរិះគន់យ៉ាងចាស់ដៃទៅលើរដ្ឋាភិបាល និងអាជ្ញាធរថៃ ដែលហាក់បីដូចជាគ្មានវិធានការតឹងរ៉ឹង និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការនាំចេញគ្រឿងញៀនចេញពីព្រំដែនរបស់ខ្លួនឡើយ ទោះបីជាពួកគេតែងតែបង្កើតយុទ្ធនាការ «ព្រមាន» ជាលក្ខណៈបង្គ្រប់កិច្ចក្តី។

ការដែលថៃគ្រាន់តែចេញសារព្រមានដល់អ្នកទេសចរថា «មិនត្រូវនាំកញ្ឆា ឬផលិតផលកញ្ឆាចេញក្រៅប្រទេស» គឺហាក់ដូចជាគ្មានតម្លៃ និងគ្មានឥទ្ធិពលអ្វីទាល់តែសោះ ដរាបណាប្រព័ន្ធត្រួតពិនិត្យសន្តិសុខនៅតាមច្រកចេញចូលអាកាសយានដ្ឋានរបស់ថៃនៅតែមានភាពធូររលុងខ្លាំង រហូតបណ្តោយឱ្យអ្នកដំណើរអាចលួចលាក់គ្រឿងញៀនឡើងលើយន្តហោះ និងឆ្លងដែនទៅក្រៅប្រទេសម្តងហើយម្តងទៀតបែបនេះ។

នេះមិនមែនជាលើកទីមួយទេដែលពិភពលោកត្រូវរងគ្រោះថ្នាក់ និងរវល់ដោះស្រាយបញ្ហាបន្សល់ទុកដោយការគ្រប់គ្រងកញ្ឆាដ៏ធូររលុងរបស់ថៃ ករណីទី១ កាលខែមេសា កន្លងទៅថ្មីៗ មានព្រះសង្ឃស្រីលង្កាចំនួន ២២អង្គ ដែលទើបតែនិមន្តត្រឡប់មកពីប្រទេសថៃ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្នុងទីក្រុងកូឡុំបូ បន្ទាប់ពីគយរកឃើញកញ្ឆាលាក់ទុកក្នុងស្បង់ចីវរ និងវ៉ាលីរបស់ពួកគេ។ ករណីទី២ កាលខែមិថុនា ស្រ្តីជនជាតិបារាំងម្នាក់ត្រូវបានបញ្ជូនទៅតុលាការនៅប្រទេសអូស្ត្រាលីភ្លាមៗ ក្រោយពេលត្រូវបានចាប់ខ្លួនពីបទកាន់កាប់គ្រឿងញៀនប្រភេទកញ្ឆា ដែលនាងបាននាំយកទៅពីប្រទេសថៃ ចូលទៅកាន់ទីក្រុងភើត។

សកម្មភាពឆ្លងដែនគ្រឿងញៀនដដែលៗទាំងនេះ បង្ហាញយ៉ាងច្បាស់ថា នយោបាយកញ្ឆាសេរីរបស់ថៃ មិនត្រឹមតែបំផ្លាញរូបភាពទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងនាំចេញបញ្ហាសង្គម និងគ្រឿងញៀន ទៅកាន់ពិភពលោក ដោយបង្ខំឱ្យបណ្តាប្រទេសដទៃទៀតត្រូវចំណាយធនធាន និងពេលវេលាដើម្បីបោសសម្អាតផលវិបាកដែលថៃជាអ្នកបង្កើតឡើង៕

ប្រភព៖ The Thaiger

Share.