រដ្ឋាភិបាលថៃបានសម្រេចបន្តការអនុញ្ញាតឱ្យពលករបរទេស ៣សញ្ជាតិ រួមមាន មីយ៉ាន់ម៉ា ឡាវ និងវៀតណាម បន្តស្នាក់នៅជាបណ្តោះអាសន្ន និងធ្វើការនៅក្នុងប្រទេសរហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៧ ក្នុងគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ច និងដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្មនៅក្នុងវិស័យសំខាន់ៗ។

លោកស្រី ផាត់ដារ៉ាត់ ថងសាលួយ (Phatdarasmi Thongsaluay) អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីអាជ្ញាប័ណ្ណការងាររបស់ពលករបរទេសភាគច្រើន គ្រោងនឹងផុតកំណត់នៅចុងឆ្នាំ២០២៦។

រដ្ឋាភិបាលថៃបានព្រមានថា ប្រសិនបើមិនបន្តសុពលភាពអាជ្ញាប័ណ្ណទេ វាអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបរទេស ជាពិសេសវិស័យផលិតកម្ម សំណង់ សេវាកម្ម និងកសិកម្ម ព្រមទាំងតំបន់ឧស្សាហកម្ម និងខេត្តទេសចរណ៍សំខាន់ៗ ដែលនៅតែមានតម្រូវការកម្លាំងពលកម្មខ្ពស់។

លោកស្រីបញ្ជាក់ថា វិធានការនេះមានគោលបំណងការពារកុំឱ្យកើតមានវិបត្តិខ្វះកម្លាំងពលកម្ម និងអនុញ្ញាតឱ្យវិស័យឯកជនអាចរៀបចំផែនការគ្រប់គ្រងធនធានមនុស្សបានជាបន្ត ដោយមិនប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម ឬការប្រតិបត្តិអាជីវកម្ម។

ក្នុងអំឡុងពេលនៃការបន្តការអនុញ្ញាតនេះ អាជ្ញាធរថៃនឹងពន្លឿនការកែលម្អមូលដ្ឋានទិន្នន័យពលករបរទេស និងភ្ជាប់ប្រព័ន្ធឌីជីថលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាពលករបរទេសស្ថិតក្នុងប្រព័ន្ធស្របច្បាប់ កាត់បន្ថយការចូលប្រទេសដោយខុសច្បាប់ និងបញ្ហាពលករខុសច្បាប់ ព្រមទាំងជួយឱ្យវិស័យអាជីវកម្មអាចអនុវត្តតាមស្តង់ដារការងារអន្តរជាតិ។

ទោះជាយ៉ាងណា រដ្ឋាភិបាលថៃបានបញ្ជាក់ថា វិធានការនេះមិនមែនជាការបើកចុះបញ្ជីពលករបរទេសថ្មីជាទូទៅនោះទេ ប៉ុន្តែអនុវត្តតែចំពោះពលករដែលមានឈ្មោះក្នុងប្រព័ន្ធរួចហើយប៉ុណ្ណោះ។ ក្រសួងការងារថៃនឹងចេញសេចក្តីណែនាំលម្អិត និងនីតិវិធីអនុវត្តក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដំណើរការឯកសារឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។

https://troryorng.com/

Share.