បាងកក៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះសុវត្ថិភាពរបស់អ្នកបរិភោគ បន្ទាប់ពីស្ត្រីជនជាតិថៃម្នាក់បានចេញមុខអំពាវនាវយ៉ាងទទូចឱ្យហាងការ៉ែមជេឡាតូ (Gelato) ដ៏ល្បីល្បាញមួយកន្លែងក្នុងទីក្រុងបាងកក បង្ហាញការទទួលខុសត្រូវប្រកបដោយតម្លាភាព និងវិធានការច្បាស់លាស់ ក្រោយរូបនាងបានរងរបួសមុតអណ្ដាត និងថ្ពាល់ ដោយសារបំណែកអំបែងកែវដែលលាយឡំនៅក្នុងជេឡាតូ។

ដើមចោទដែលមានគណនី Facebook ឈ្មោះ Palmmy Thaniya បានទម្លាយបទពិសោធន៍មួយនេះ នៅក្នុងបណ្តាញសង្គមថា «យើងជាអ្នកប្រើប្រាស់» (We Are Consumers) កាលពីថ្ងៃទី១៩ ខែកក្កដា។ នារីរូបនេះបានគូសបញ្ជាក់ថា ការបើកកាយរឿងរ៉ាវនេះ មិនមែនជាការវាយប្រហារដោយចេតនាមិនល្អនោះទេ ប៉ុន្តែជាការដាស់តឿនដល់សាធារណជន និងជាការទាមទារឱ្យម្ចាស់អាជីវកម្មបង្ហាញការទទួលខុសត្រូវឱ្យសមស្របនឹងកិត្តិនាមរបស់ខ្លួន។


តាមការរៀបរាប់ កញ្ញា Thaniya បានទិញជេឡាតូរសជាតិមានលាយគ្រាប់ធញ្ញជាតិកិនពីហាងខាងលើ កាលពីខែមុន នៅជិតម៉ោង ១០យប់ ដែលជាវេលាហាងជិតបិទទ្វារ។ នៅពេលកំពុងឈររង់ចាំតម្រង់ជួរនៅហាងក្បែរនោះ នាងបានទំពារចំវត្ថុរឹងខុសធម្មតា ហើយភ្លាមៗនោះ មិត្តភក្តិដែលទៅជាមួយក៏បានឃើញឈាមហូរចេញពីមាត់របស់នាង។ នៅពេលខ្ជាក់ចេញមក នាងបានរន្ធត់ចិត្តយ៉ាងខ្លាំងដោយប្រទះឃើញបំណែកអំបែងកែវតូចៗមានទំហំប៉ុនៗគ្រាប់ធញ្ញជាតិ លាយឡំនៅក្នុងជេឡាតូនោះ។
ភ្លាមៗក្រោយហេតុការណ៍ កញ្ញាបានត្រឡប់ទៅប្រាប់បុគ្គលិកហាងវិញ ដោយខាងហាងបានប្រមូលជេឡាតូដែលនៅសល់យកទៅពិនិត្យ សងប្រាក់ថ្លៃទិញវិញ និងយល់ព្រមរ៉ាប់រងថ្លៃព្យាបាល។ តាមលទ្ធផលពិនិត្យពីគ្រូពេទ្យ នាងបានរងរបួសស្រាលនៅត្រង់អណ្ដាត និងខាងក្នុងថ្ពាល់ ប៉ុន្តែសំណាងល្អមិនទាន់ធ្លាក់ដល់បំពង់ក ហើយគ្រូពេទ្យបានចាត់វិធានការចាក់ថ្នាំការពារតេតាណុសជាបន្ទាន់។

ទោះបីជាខាងហាងបានទូទាត់ថ្លៃព្យាបាលតាមការសន្យាតាមរយៈកម្មវិធី LINE ក៏ដោយ ក៏កញ្ញា Thaniya បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់គ្រប់គ្រងអាជីវកម្មមួយនេះ។ នាងបានគូសបញ្ជាក់ថា អ្វីដែលអតិថិជនរំពឹងទុក មិនមែនត្រឹមតែការទូទាត់លុយបញ្ចប់រឿងនោះទេ ប៉ុន្តែគឺជាការបកស្រាយជាផ្លូវការអំពីមូលហេតុនៃអំបែងកែវ និងផែនការសកម្មភាពជាក់ស្តែងក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាពសុវត្ថិភាពចំពោះអ្នកទទួលទាន។
នាងបានរិះគន់បន្ថែមថា រហូតមកទល់ពេលនេះ នាងទទួលបានតែការឆ្លើយតបរបៀបធម្មតាៗ ពីបុគ្គលិកថ្នាក់ក្រោមប៉ុណ្ណោះ ដោយគ្មានវត្តមាន ឬពាក្យពេចន៍ទទួលខុសត្រូវណាមួយពីម្ចាស់ហាង ឬចុងភៅ (Chef) តំណាងប្រែនល្បីនោះឡើយ។ នាងបានចោទសួរថា ហាងតែងតែផ្សព្វផ្សាយពាណិជ្ជកម្មថាជា «ជេឡាតូកម្រិត Premium» ផលិតពីគ្រឿងផ្សំគុណភាពខ្ពស់ ប៉ុន្តែនៅពេលមានអាសន្នពាក់ព័ន្ធនឹងសុវត្ថិភាពជីវិតអតិថិជន ស្ដង់ដារនៃការដោះស្រាយ និងការយកចិត្តទុកដាក់ បែរជាមានកម្រិតទាបទៅវិញ។



គួរបញ្ជាក់ថា អ្នកលេងបណ្តាញសង្គមបានសង្ស័យថា ហាងកើតហេតុនោះគឺ Parameter ដែលជាប្រែនជេឡាតូដ៏ល្បីនៅបាងកក បង្កើតឡើងដោយលោក Kris Srepoomseth អតីតតារាសម្តែង និងជាពិធីករទូរទស្សន៍ឈ្មោះល្បី ដែលតែងតែលើកឡើងពីការចំណាយពេលសិក្សាស្រាវជ្រាវធ្វើជេឡាតូជាច្រើនឆ្នាំ និងអះអាងពីការប្រើប្រាស់គ្រឿងផ្សំលំដាប់ពានរង្វាន់។
គិតត្រឹមពេលអត្ថបទនេះត្រូវបានចេញផ្សាយពេញបណ្ដាញសង្គម ខណៈ ទាំងតំណាងប្រែន Parameter និងលោក Kris Srepoomseth ផ្ទាល់ សុទ្ធតែមិនទាន់បានចេញមុខបកស្រាយ ឬចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីឆ្លើយតបនឹងការចោទប្រកាន់ដ៏ប្រឈមនេះនៅឡើយទេ៕

