កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងការកោតសរសើរ និងអំណរគុណដល់លោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមបំប៉នចំណេះដឹងដល់សិស្សថ្នាក់ទី១២ ដើម្បីជួយពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦។


ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល បន្ទាប់ពីបញ្ចប់ភារកិច្ចនៅស្រុកសាមគ្គីមុនីជ័យ។




ឯកឧត្តមបានចាត់ទុកការចូលរួមរបស់លោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តថា ជាកម្លាំងដ៏សំខាន់ក្នុងការគាំទ្រវិស័យអប់រំ ដោយបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២នៅទូទាំងប្រទេស។
យុទ្ធនាការនេះកំពុងអនុវត្តយ៉ាងទូលំទូលាយ ដោយមានការចូលរួមពីសមាជិក ស.ស.យ.ក. គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តរាប់ពាន់នាក់ ដើម្បីជួយឱ្យសិស្សមានការត្រៀមខ្លួនកាន់តែល្អមុនការប្រឡង។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា វគ្គបំប៉នសិស្សថ្នាក់ទី១២ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ មក បានក្លាយជាសកម្មភាពស្ម័គ្រចិត្តដ៏មានតម្លៃ និងបន្តរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។






តាមរយៈការលះបង់របស់លោកគ្រូ-អ្នកគ្រូ និងការចូលរួមពីគ្រប់ភាគី សិស្សានុសិស្សកាន់តែមានឱកាសពង្រឹងចំណេះដឹង និងបង្កើនទំនុកចិត្តមុនឈានចូលការប្រឡងបាក់ឌុប។ក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តខិតខំសិក្សា ប្រើប្រាស់ឱកាសពីវគ្គបំប៉នឱ្យមានប្រសិទ្ធភាព និងត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីសម្រេចលទ្ធផលល្អក្នុងការប្រឡងនាពេលខាងមុខ។
អត្ថបទ: ត្រយងតូច

