ឥណ្ឌូណេស៊ី៖ គណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ទោ ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីអន្តោប្រវេសន៍អន្តរជាតិ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដោយបង្ខំឱ្យប្រព្រឹត្តបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ ដែលប្រារព្ធឡើងនៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយការិយាល័យគាំទ្រថ្នាក់តំបន់នៃដំណើរការបាលី (Regional Support Office of the Bali Process) សហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ដោយមានការចូលរួមពីមន្ត្រីអន្តោប្រវេសន៍នៃបណ្តាប្រទេសជាច្រើនក្នុងតំបន់។

សម្រាប់ថ្ងៃទី១ នៃកិច្ចប្រជុំ អ្នកចូលរួមបានផ្តោតលើការយល់ដឹងអំពីការជួញដូរមនុស្សដោយបង្ខំឱ្យប្រព្រឹត្តបទល្មើស តាមទស្សនៈនៃការងារអន្តោប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ វិភាគស្ថានភាព បញ្ហាប្រឈម និងពិភាក្សាពីវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព។

Share.