ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពព្យុះទី១២ ឈ្មោះ «ណូល» (Noul) T2612 ដែលបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់គ្របដណ្តប់លើតំបន់មួយចំនួន រួមមានឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះ «ណូល» នោះទេ ប៉ុន្តែឥទ្ធិពលរបស់វានឹងធ្វើឱ្យធាតុអាកាសប្រែប្រួល ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

តាមការព្យាករណ៍ តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ និងស្វាយរៀង អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រមាណ៥០ភាគរយនៃផ្ទៃដី។

ដោយឡែក តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់រហូតដល់៧០ភាគរយ។

សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់៧០ភាគរយផងដែរ ខណៈរលកសមុទ្រអាចបោកបក់ខ្លាំង មានកម្ពស់មធ្យមចាប់ពី០,៥០ម៉ែត្រ ដល់១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ខណៈក្រសួងនឹងបន្តតាមដាន វិភាគស្ថានភាពអាកាសធាតុ និងជូនដំណឹងជាបន្តបន្ទាប់ ប្រសិនបើមានការប្រែប្រួល៕

Share.