ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយគូសបញ្ជាក់ពីការអំពាវនាវរបស់ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. ឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីឡើងវិញ លើការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ។ ការថ្លែងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី «ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)» កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តម កែវ ឈា បានរំលឹកពីសេចក្តីថ្លែងការណ៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែឧសភាកន្លងទៅ ដែលបានបញ្ជាក់ឡើងវិញពីជំហរ និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី តាមរយៈយន្តការនៃការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិជាមូលដ្ឋាន។

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសរំលេចនូវអាទិភាពសំខាន់ៗចំនួនបួន រួមមាន៖ ការពង្រឹងតួនាទីរបស់ អ.ស.ប. ក្នុងការបង្ការជម្លោះតាមវិធីសាស្ត្រការទូត, ការធានាថាជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី ព្រមទាំងការអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ), ការលើកកម្ពស់ឯកភាពនិងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សាសន្តិសុខ និងការដោះស្រាយផលប៉ះពាល់ផ្នែកមនុស្សធម៌ នៃជម្លោះព្រំដែនដែលកំពុងបន្តកើតមានរបស់កម្ពុជា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលជាង ២ម៉ឺននាក់ នៅតែបន្តរស់នៅក្នុងស្ថានភាពជាជនភៀសសឹក។

ជាចុងក្រោយ ឯកឧត្តមតំណាងអចិន្ត្រៃយ៍កម្ពុជា បានសង្កត់ធ្ងន់លើគោលការណ៍គ្រឹះយ៉ាងច្បាស់ៗថា ខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាពដែនដីរបស់រដ្ឋមួយ មិនត្រូវទទួលរងការផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីឯកតោភាគីនៅលើដីជាក់ស្តែងនោះឡើយ៕

Share.