ស្វាយរៀង៖ កម្លាំងចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បានចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលបើកចំហនៅតំបន់ផ្សាររាត្រី ក្រុងបាវិត ដើម្បីបង្ក្រាបការស្នាក់នៅ និងការធ្វើការខុសច្បាប់ ព្រមទាំងស្រាវជ្រាវទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។




ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាលរងក្រុង និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។




បើតាមអាជ្ញាធរខេត្តស្វាយរៀង ការចុះរដ្ឋបាលនេះមានគោលបំណងទប់ស្កាត់ជនបរទេស ឬបុគ្គលដែលចូលមកស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ ព្រមទាំងស្វែងរកទីតាំងដែលអាចពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស Online Scam។
អាជ្ញាធរបញ្ជាក់ថា សកម្មភាពនេះជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរឹតបន្តឹងការគ្រប់គ្រងទីតាំងក្នុងមូលដ្ឋាន មិនឱ្យយកទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់ និងបង្ការបទល្មើសគ្រប់ប្រភេទ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តបានអះអាងថា នឹងបន្តពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកពាក់ព័ន្ធនឹងសកម្មភាពដែលបង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។




អត្ថបទ÷ចតុម្មុខ
