ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងចម្រុះឆែកឆេរអាវុធជាតិផ្ទុះ និងគ្រឿងញៀន គោលដៅក្បែរវិមានរដ្ឋសភា ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈអេឡិចត្រូនិក សម្រាប់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេស និងទៅក្រៅប្រទេស។

កិច្ចប្រតិបត្តិការនេះ បានឈានទៅដល់ការចុះឆែកឆេរទីតាំងចំនួន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ៣នាក់) ព្រមទាំងដកហូតវត្ថុតាងជាច្រើន រួមមាន៖

– រថយន្ត ០១គ្រឿង

– ទូរសព្ទដៃប្រមាណជាង ៣,០០០គ្រឿង

– កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុប្រមាណជាង ៤០គ្រឿង

– សម្ភារៈ និងគ្រឿងបង្គំផ្សេងៗប្រមាណជាង ៩០០គ្រឿង

– ស៊ីមកាតទូរសព្ទក្នុងស្រុក និងក្រៅស្រុកប្រមាណជាង ៣២,០០០កាត

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ព្រមទាំងវត្ថុតាងដែលសមត្ថកិច្ចដកហូតបានខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ស្ថាប័នតុលាការបានសម្រេចចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ប្រព្រឹត្តជាក្រុមមានការចាត់តាំង)» និងបទ «សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ប្រព្រឹត្តជាក្រុមមានការចាត់តាំង)» ព្រមទាំងបង្គាប់ឱ្យបើកការស៊ើបអង្កេតលើករណី «សម្អាតប្រាក់» បន្ថែមទៀត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន៖ សូមកុំពាក់ព័ន្ធទៅនឹងការទិញ-លក់ ឬរក្សាទុកសម្ភារៈអេឡិចត្រូនិក ដែលបម្រើឱ្យការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ ករណីបានដឹង ឬសង្ស័យអំពីការទិញ-លក់ឧបករណ៍អេឡិចត្រូនិកដែលជាមធ្យោបាយធ្វើសកម្មភាពឆបោក សូមមេត្តារាយការណ៍ ឬផ្តល់ព័ត៌មានមកសមត្ថកិច្ចភ្លាមៗ ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងឈានទៅបង្ក្រាប បានទាន់ពេលវេលា សំដៅធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិ៕

Share.