បាងកក៖ រដ្ឋាភិបាលថៃ កំពុងស្ថិតក្នុងស្ថានភាពស្រឡាំងកាំង និងប្រញាប់ប្រញាល់ស្វះស្វែងរកផ្លូវតវ៉ាទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសនេះត្រូវបងធំសេដ្ឋកិច្ចកំណត់អត្រាពន្ធគយរហូតដល់ ១២.៥% ដែលជាកម្រិតមួយខ្ពស់ជាងការរំពឹងទុក និងត្រូវបានគេមើលឃើញថា បណ្តាលមកពីភាពបរាជ័យក្នុងការដោះស្រាយបញ្ហា «ពលកម្មដោយចាប់បង្ខំ» នៅក្នុងស្រុក។

ថ្លែងនៅក្នុងបទសម្ភាសន៍បែបឆ្លើយតបយ៉ាងប្រញាប់ប្រញាល់ លោក អនុទីន ឆានវីរៈកុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានទទួលស្គាល់ដោយស្មោះត្រង់ថា លោកបានទទួលរបាយការណ៍បឋមជុំវិញការកំណត់ពន្ធគយ ១២.៥% នេះ ហើយកំពុងរុញច្រានយ៉ាងប្រញាប់ឱ្យស្ថាប័នពាក់ព័ន្ធ ចុះទៅកែសម្រួល និងដោះស្រាយចំណុចខ្វះខាតជាបន្ទាន់ ដើម្បីស្វែងរកការបញ្ចុះអត្រាពន្ធមកត្រឹម ១០% វិញ។
លោក អនុទីន បាននិយាយទាំងស្ទាក់ស្ទើរថា មូលហេតុចម្បងដែលធ្វើឱ្យថៃមិនអាចទទួលបានអត្រាពន្ធអនុគ្រោះ ១០% ដូចការរំពឹងទុក គឺដោយសារតែសហរដ្ឋអាមេរិកបានរកឃើញបញ្ហាទាក់ទិននឹង «ពលកម្មដោយចាប់បង្ខំ» នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ថៃ ក៏ដូចជាបញ្ហាមួយចំនួនផ្សេងទៀតដែលមានសភាពស្រដៀងគ្នានេះដែរ។
ការទទួលស្គាល់របស់ថ្នាក់ដឹកនាំថៃរូបនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី ភាពចន្លោះប្រហោង និងកង្វះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃ ក្នុងការលុបបំបាត់ការជួញដូរកម្លាំងពលកម្ម និងការរំលោភសិទ្ធិមនុស្សក្នុងវិស័យឧស្សាហកម្ម ដែលជាលក្ខខណ្ឌតឹងរ៉ឹងបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើពាណិជ្ជកម្ម។
ដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចមួយនេះ លោក អនុទីន បានថ្លែងថារដ្ឋាភិបាលថៃនឹងរៀបចំពាក្យប្តឹងតវ៉ាជំទាស់ទៅកាន់ភាគីអាមេរិកនៅពេលឆាប់ៗខាងមុខនេះ ដោយពឹងផ្អែកលើទំនាក់ទំនងពាណិជ្ជកម្មចាស់ទុំរវាងប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ថា ថៃនឹងព្យាយាមចរចាដើម្បីទទួលបានអត្រាពន្ធទាបបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែទន្ទឹមនឹងនោះថៃខ្លួនឯងក៏ត្រូវរៀបចំខ្លួនឱ្យមានភាពរួចរាល់ផងដែរ។
ទន្ទឹមនឹងនេះ លោកស្រី សុភាជី ស្រីផាត់ថៈណាផាន់ (Suphajee Suthumpun) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ត្រូវបានគេរាយការណ៍ថាកំពុងប្រញាប់ប្រញាល់ធ្វើដំណើររវាងប្រទេសចិន និងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ដើម្បីប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍បកស្រាយថ្នាក់ជាតិ ដាក់ជូនប្រមុខរដ្ឋាភិបាលថៃ មុននឹងឈានទៅដល់ការដាក់ពាក្យប្តឹងតវ៉ាជាផ្លូវការ។
ជុំវិញបញ្ហានេះអ្នកឃ្លាំមើលហេតុការណ៍នៅក្នុងប្រទេសថៃយល់ឃើញថា ការកើនឡើងនៃអត្រាពន្ធគយរហូតដល់ ១២.៥% នេះ គឺជាដំបងសេដ្ឋកិច្ចវាយសង្កត់ដ៏ធ្ងន់ធ្ងរមួយសម្រាប់វិស័យនាំចេញរបស់ថៃទៅកាន់ទីផ្សារអាមេរិក។
ទំនិញនាំចេញរបស់ថៃនឹងមានតម្លៃថ្លៃជាងមុន ដែលធ្វើឱ្យបញ្ជាទិញអាចនឹងផ្លាស់ប្តូរទិសដៅទៅកាន់បណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ានដែលមានអត្រាពន្ធទាបជាង និងគ្មានអាស្រូវរឿងពលកម្មបង្ខំ។
ដូច្នោះហើយ សម្ពាធសេដ្ឋកិច្ចមួយនេះបានធ្វើឱ្យរោងចក្រ និងសហគ្រាសក្នុងស្រុកថៃ នឹងត្រូវផ្ទុកបន្ទុកដើមទុនបន្ថែម ដែលអាចឈានទៅដល់ការកាត់បន្ថយបុគ្គលិក ឬការបិទទ្វារអាជីវកម្ម ប្រសិនបើការប្តឹងតវ៉ាទៅអាមេរិកមិនទទួលបានលទ្ធផលជាវិជ្ជមានទេនោះ។ ហើយវិបត្តិនេះបានក្លាយជាមេរៀនសេដ្ឋកិច្ចដ៏ជូរចត់មួយសម្រាប់ប្រទេសថៃ ដែលបានបណ្តែតបណ្តោយឱ្យបញ្ហាសិទ្ធិពលកម្ម បំផ្លាញឱកាសពាណិជ្ជកម្មកម្រិតអន្តរជាតិរបស់ខ្លួន៕

