ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈអេឡិចត្រូនិក ដែលសង្ស័យថាបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងប្រទេស និងក្រៅប្រទេស។ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។




ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ និងជនជាតិចិន៣នាក់។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន រថយន្ត១គ្រឿង ទូរសព្ទដៃជាង៣,០០០គ្រឿង កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុជាង៤០គ្រឿង សម្ភារៈ និងគ្រឿងបង្គំផ្សេងៗជាង៩០០គ្រឿង ព្រមទាំងស៊ីមកាតទូរសព្ទក្នុងស្រុក និងក្រៅស្រុកជាង៣២,០០០កាត។

ក្រោយបញ្ចប់ការស៊ើបអង្កេតដំបូង ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ តុលាការបានសម្រេចចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ប្រព្រឹត្តជាក្រុមមានការចាត់តាំង)» និងបទ «សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ប្រព្រឹត្តជាក្រុមមានការចាត់តាំង)» ព្រមទាំងបន្តស៊ើបអង្កេតលើបទ «សម្អាតប្រាក់» ផងដែរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវពាក់ព័ន្ធនឹងការទិញ លក់ ឬរក្សាទុកឧបករណ៍អេឡិចត្រូនិក ដែលអាចយកទៅប្រើប្រាស់ក្នុងសកម្មភាពបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងសូមរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើបានដឹង ឬសង្ស័យអំពីសកម្មភាពពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។


អត្ថបទ÷កណ្តាល

