កណ្ដាល៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល បានចុះត្រួតពិនិត្យក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. បន្ទាប់ពីមានសេចក្តីរាយការណ៍សង្ស័យថា មានការបញ្ចេញសំណល់រាវចូលទន្លេបាទី ក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ការចុះត្រួតពិនិត្យដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានសង្កេតឃើញទឹកថ្លា មានពពុះ និងមានក្លិនអូសាវែល ហូរចេញពីលូបង្ហូរនៃអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវចុងក្រោយរបស់ក្រុមហ៊ុន មុនហូរចូលទន្លេបាទី។ ជាមួយគ្នានេះ មន្ត្រីជំនាញបានយកសំណាកទឹកចំនួន១សំណាក ពីចំណុចមុនបង្ហូរចូលទន្លេ ដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។

តាមការពិនិត្យបឋម ក្រុមហ៊ុនមានរបាយការណ៍ IEIA លិខិតអនុញ្ញាតបញ្ចេញសំណល់ត្រឹមត្រូវ និងបានបំពាក់ប្រព័ន្ធតាមដានគុណភាពទឹកដោយស្វ័យប្រវត្តិរួចរាល់។ លទ្ធផលពីឧបករណ៍តាមដាន និងការវាស់វែងបឋមនៅចំណុចបង្ហូរចេញ បង្ហាញថា តម្លៃ pH = 7.94 ស្ថិតក្នុងកម្រិតស្តង់ដារកំណត់ (5.5 < pH < 9)។

ទោះជាយ៉ាងណា ក្រសួងបរិស្ថានបានដាក់វិធានការហាមឃាត់ដាច់ខាត មិនឱ្យក្រុមហ៊ុនបង្ហូរសំណល់រាវដោយផ្ទាល់ ដោយមិនឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មសម្អាតឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មុនបញ្ចេញចូលទៅក្នុងទន្លេបាទី។

ក្រសួងបរិស្ថានបញ្ជាក់ថា ប្រសិនបើលទ្ធផលវិភាគពីមន្ទីរពិសោធន៍រកឃើញថា សំណល់រាវក្រោយការសម្អាតលើសស្តង់ដារកំណត់ និងបង្កផលប៉ះពាល់ដល់បរិស្ថាន ក្រុមហ៊ុននឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។

អត្ថបទ÷ត្រយងតូច

Share.