អ្នកយកព័ត៌មានបានរាយការណ៍អំពីបច្ចុប្បន្នភាពនៃរឿងក្តីបាត់បងប្អូនជនជាតិ​រុស្សី​ ដោយ​ពេល​នេះ​បាន​រកឃើញម៉ូតូម៉ាក Honda ម៉ូឌែល ADV 150 ពាក់ស្លាកលេខ Chonburi របស់កញ្ញា Diana Nazimova អាយុ ២២ ឆ្នាំ និងលោក Roman Nazimov អាយុ ១៧ ឆ្នាំ ដែលបានបាត់ខ្លួនតាំងពីព្រលឹមស្រាងៗ នាថ្ងៃទី ២៦ ខែកក្កដា កន្លងទៅ។

ក្រោយមក គេបានរកឃើញម៉ូតូរបស់បងប្អូនទាំងពីរនាក់ត្រូវគេកាត់បំបែកជាបំណែកៗ ហើយយកទៅកប់ក្នុងដីនៅតំបន់វាលខ្មោចចាស់ Thung Luang ក្បែរផ្លូវបំបែក Chak Taeng ចម្ងាយប្រមាណ ២០០ ម៉ែត្រពីផ្លូវ Na Jomtien – Motorway Maptaput ក្នុងភូមិសាស្ត្រភូមិទី ៩ ឃុំ Huai Yai ស្រុក Bang Lamung ខេត្ត Chonburi។ ខណៈដែលអាជ្ញាធរ និងអ្នកភូមិរាប់រយនាក់ បានសហការគ្នាចុះរករៀបរាប់ទីតាំងដើម្បីស្វែងរក ប៉ុន្តែនៅតែមិនទាន់ឃើញតម្រុយនៅឡើយ ដូចដែលបានរាយការណ៍ព័ត៌មានរួចមកហើយ។

កាលពីវេលាយប់ថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ អ្នកយកព័ត៌មានបានធ្វើដំណើរទៅកាន់ផ្ទះមួយខ្នងដែលស្ថិតនៅមិនឆ្ងាយពីចំណុចរកឃើញម៉ូតូត្រូវគេកប់ដីនោះទេ ដោយបានជួបជាមួយលោកស្រី Rat (សុំលាក់ត្រកូល) អាយុ ៧៤ ឆ្នាំ ដែលជាមីងបង្កើតរបស់លោក ប៉ុង អាយុ ៤៣ ឆ្នាំ ដែលជាជនសង្ស័យក្នុងរឿងក្តីចាប់ជំរិតបងប្អូនជនជាតិរុស្សី។

លោកស្រី Rat បានរៀបរាប់ថា លោក ប៉ុង ទើបតែរួចទោសចេញពីពន្ធនាគារបានមិនទាន់ដល់ ២ ខែផង ហើយបានមកជួបគាត់មិនលើសពី ៣-៤ ដងនោះទេ។ លើកចុងក្រោយដែលមក គឺនៅថ្ងៃទី ២៧ ខែកក្កដា វេលាម៉ោងប្រមាណ ២១:០០ នាទីយប់ ដោយគាត់បានប្រាប់ឱ្យលោក ប៉ុង ជួយជួសជុលអំពូលភ្លើង ប៉ុន្តែធ្វើមិនទាន់រួចផង ប៉ុង ក៏ទទួលបានទូរសព្ទ រួចបានមកប្រាប់គាត់ថា សុំទៅខេត្ត Chanthaburi សិន ព្រោះកូនឈឺ។ បន្ទាប់មក ប៉ុង ក៏ប្រញាប់ប្រញាល់ចាកចេញពីផ្ទះទៅ ហើយនោះគឺជាលើកចុងក្រោយដែល ប៉ុង បានមកជួបគាត់នៅផ្ទះ ទើបធ្វើឱ្យគាត់ជឿជាក់យ៉ាងមុតមាំថា ប៉ុង ប្រហែលជារត់គេចខ្លួនទៅខេត្ត Chanthaburi ហើយ។

បន្ថែមពីនេះ លោកស្រីបានទទួលស្គាល់ថា ក្មួយប្រុសរបស់គាត់ជាមនុស្សកាចសាហាវ និងចូលចិត្តប្រើហិង្សា ដោយសារតែកាលពីក្មេង គេត្រូវបានឪពុកបង្កើតធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដោយយកខ្សែចងកដៃព្យួរឡើង ហើយយកខ្សែភ្លើងវាយប្រហារ ថែមទាំងជះទឹកស្រោចឱ្យទទឹកជោក រួចយកអគ្គិសនីឆក់ទៀតផង។ ប្រសិនបើមិនជឿលើពាក្យសម្តីរបស់គាត់ទេ អាចសាកសួរអ្នកភូមិនៅតំបន់នោះបាន ព្រោះអ្នកគ្រប់គ្នាដឹងពីប្រវត្តិនៃ ប៉ុង ច្បាស់ណាស់។

កន្លងមក ប៉ុង មិនដែលទុកលេខទូរសព្ទ ឬទំនាក់ទំនងអ្វីឡើយ ហើយលោកស្រីក៏ចង់ផ្ញើសារទៅកាន់ ប៉ុង ឱ្យចេញមកចូលសារភាពខ្លួន ប្រសិនបើចូលសារភាព គាត់នៅមានឱកាសបានទៅសួរសុខទុក្ខ ប៉ុន្តែបើត្រូវស្លាប់វិញ ក៏ត្រូវបណ្តោយឱ្យជាភារកិច្ចរបស់អ្នកជួយសង្គ្រោះ (Rescue team) ចាត់ការចុះ។

ចំពោះបច្ចុប្បន្នភាពនៃរឿងក្តី នាថ្ងៃនេះ មន្ត្រីនគរបាល រួមជាមួយមន្ត្រីរដ្ឋបាល មេឃុំ មេភូមិ និងអ្នកភូមិ នឹងមានការណាត់ជួបជុំគ្នានៅតំបន់ព្រៃក្រាស់ដែលស្ថិតនៅទល់មុខវិហារសៀន ក្បែរវត្តមួយកន្លែងក្នុងខេត្ត Chonburi ដោយទីនោះជាទីតាំងសង្ស័យ ដែលរំពឹងថា ប៉ុង អាចនឹងនាំបងប្អូនពីរនាក់ជនជាតិរុស្ស៊ីមកកាន់ចំណុចនោះ។

ខណៈពេលជាមួយគ្នានេះ ប៉ូលិសបានអញ្ជើញភរិយារបស់ ថុង ដែលជាជនសង្ស័យម្នាក់ទៀត សហការជាមួយ ប៉ុង ក្នុងការបង្កើតហេតុការណ៍ចាប់ជំរិតបងប្អូនជនជាតិរុស្សី មកសាកសួរចម្លើយបឋម ដោយសាម៉ីខ្លួនបានអះអាងថា មិនបានជួបមុខ ថុង តាំងពីថ្ងៃទី ២៧ ខែកក្កដា មកម្ល៉េះ។

លើសពីនេះ ក៏មានរឿងរ៉ាវអាថ៌កំបាំងកើតឡើងផងដែរ ដោយមានអ្នកភូមិមិនតិចជាង ៥ នាក់ បានអះអាងដូចៗគ្នាថា ក្នុងអំឡុងថ្ងៃទី ២៩ ខែកក្កដា មានគេបានឮសំឡេងលោក ថុង ស្រែកសុំជំនួយយ៉ាងខ្លាំងៗ។ បច្ចុប្បន្ន ប៉ូលិសកំពុងស្ថិតក្នុងការផ្ទៀងផ្ទាត់ការពិត និងដាក់ការសង្ស័យថា លោក ថុង អាចនឹងត្រូវគេសម្លាប់បំបិទមាត់ ព្រោះរហូតមកដល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់ប្រទះឃើញវត្តមានរបស់ ថុង នៅឡើយទេ។

អ្នកយកព័ត៌មានទទួលបានរូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) ដែលជារូបភាពជនសង្ស័យគឺ ប៉ុង និង ថុង កំពុងជិះម៉ូតូឆ្លងកាត់ផ្លូវជាតិលេខ ១០០៨ (Chak Ngew – Wat Yansangwararam) កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ដោយតម្រង់ទិសដៅមកខាង Chak Ngew។ គេជឿជាក់ថា អ្នកទាំងពីរទើបតែចេញពីផ្ទះបងស្រីរបស់ ថុង ដោយមុននេះ អ្នកទាំងពីរបានចូលទៅក្នុងផ្ទះបងស្រីលោក ថុង ដើម្បីងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ ហើយតម្រង់ទិសដៅត្រឡប់ទៅកាន់តំបន់ភូមិទី ៩ ឃុំ Huai Yai ដែលជាទីតាំងដែលអ្នកទាំងពីរស្នាក់នៅ៕

Share.