ព្រៃវែង៖ ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចជ្រោយព្រែកចាប ស្ថិតក្នុងភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយដកហូតបានរបាំងព្រួលស្បៃមុងក្រឡាញឹកប្រវែង ៧៨០ម៉ែត្រ និងលូស្បៃមុងចំនួន ១៣មាត់។




ប្រតិបត្តិការខាងលើ ដឹកនាំដោយលោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង និងលោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ រួមជាមួយមន្ត្រីជលផល បានចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចខាងលើ ដោយដកហូតបានលូស្បៃមុងចំនួន ១៣មាត់ របាំងព្រួលស្បៃមុងប្រវែង ៧៨០ម៉ែត្រ និងបង្កោលចម្រឹងចំនួន ២៦០ដើម។




ក្រោយពីរុះរើឧបករណ៍នេសាទដោយខុសច្បាប់រួច សមត្ថកិច្ចជំនាញបានចាក់លែងកូនត្រីប្រមាណ ២៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ដើម្បីបន្តការអភិរក្ស និងបង្កើនធនធានជលផល៕អត្ថបទ÷តាតុងសែនជ័យ

