ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ បានបង្ហោះសារលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះថា នារីបង្កគ្រោះថ្នាក់ចរាចរណ៍បានចូលមកទទួលខុសត្រូវតាមនីតិវិធីហើយ ដោយគ្រួសាររបស់នាងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមិនមានចេតនារត់គេចខ្លួនទៅក្រៅប្រទេសដូចការសង្ស័យនោះឡើយ។

គួររំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្នុងនោះ ស្រ្តីជាជនបង្កមានឈ្មោះ សាម ម៉ីជូ អាយុ ២៧ឆ្នាំ (រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ) បានបើករថយន្តស៊េរីទំនើប ម៉ាក AVATAR 11 ពាក់ផ្លាកលេខ កម្ពុជា V.C.8989 ទៅបុកជនរងគ្រោះឈ្មោះ គួច លឹមហាន អាយុ ៣៥ឆ្នាំ ជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ បណ្តាលឱ្យបាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ នារីរូបនោះបានបោះបង់រថយន្តចោល រួចឡើងជិះម៉ូតូកង់បី (PassApp) គេចខ្លួនបាត់ស្រមោល ដែលធ្វើឱ្យមានការរះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ កាលណោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សមត្ថកិច្ចកំពុងចាត់ការករណីនេះយ៉ាងធ្ងន់ធ្ងរបំផុតតាមផ្លូវច្បាប់។
បន្ទាប់ពីជនបង្កត្រូវបានគ្រួសារនាំមកប្រគល់ជូនសមត្ថកិច្ច លោកស្នងការរង ហេង រតនា ក៏បានទាញឱកាសនេះ ដើម្បីដាស់តឿន និងណែនាំអំពីច្បាប់ចរាចរណ៍ដល់សាធារណជនចំនួន ៣ ចំណុចសំខាន់ៗ៖

១. បើកបរដោយប្រុងប្រយ័ត្ន៖ ជៀសវាងការបើកជែងដែលមានហានិភ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ និងដាច់ខាតមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងឡើយ។

២. កុំបុកហើយរត់៖ ត្រូវសហការទទួលខុសត្រូវតាមផ្លូវច្បាប់ ព្រោះទោះជាយ៉ាងណាក៏គង់តែត្រូវប្រឈមមុខដដែល ការរត់គេចខ្លួនមានតែធ្វើឱ្យទោសទណ្ឌកាន់តែធ្ងន់ធ្ងរ។

៣. បញ្ឈប់ហិង្សានៅកន្លែងកើតហេតុ៖ ស្នើសុំប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ មេត្តាកុំប្រើហិង្សាលើជនបង្ក ដោយត្រឹមតែជួយឃាត់ខ្លួន រួចរង់ចាំប្រគល់ជូនសមត្ថកិច្ចដោះស្រាយតាមនីតិវិធីច្បាប់។

ជាចុងក្រោយ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា «គោរពច្បាប់ចរាចរណ៍ ស្មើនឹងការគោរពជីវិតខ្លួនឯង និងអ្នកដទៃ»

Share.