អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អ៊ែនឌ្រីវស៍ (Tom Andrews) បានអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ធ្វើការរួមគ្នាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ដើម្បីពន្លឿនការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាព និងដោយគ្មានការរារាំង សម្រាប់ប្រជាពលរដ្ឋស៊ីវិលដែលរងគ្រោះដោយសារកងទ័ពបានរំលោភចូលកាន់កាប់ដោយខុសច្បាប់។

នៅក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ លោក ថម អ៊ែនឌ្រីវស៍ បានបញ្ជាក់ថា ការគោរពច្បាប់អន្តរជាតិគឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងជាគ្រឹះស្វែងរកសេចក្តីសម្រេចដ៏យុត្តិធម៌ជុំវិញជម្លោះព្រំដែននេះ ដែលជាចំណុចស្របគ្នាទៅនឹងការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកបានធ្វើដំណើរចុះទៅពិនិត្យមើលស្ថានភាពផ្ទាល់នៅតំបន់ព្រំដែន ព្រមទាំងបានជួបពិភាក្សាជាមួយអភិបាលខេត្តបន្ទាយមានជ័យ និងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះនៅតាមជុំរុំលំនៅបណ្តោះអាសន្ន ដែលរៀបចំដោយអាជ្ញាធរកម្ពុជា។ នៅក្នុងឱកាសនោះ លោកបានសង្កេតឃើញកុមារៗកំពុងតម្រង់ជួររង់ចាំទទួលអាហារពេលព្រឹកពីកម្មវិធីស្បៀងអាហារពិភពលោក និងបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះ ដែលបានរៀបរាប់ទាំងទឹកភ្នែកពីការទម្លាក់គ្រាប់បែកលើភូមិឋាន និងការបំផ្លិចបំផ្លាញផ្ទះសម្បែងដោយគ្រឿងចក្ររបស់កងទ័ពថៃ។

អ្នករាយការណ៍ពិសេសរូបនេះបានគូសរំលេចថា ក្នុងចំណោមប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ដែលបានភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីចុងឆ្នាំកន្លងទៅ នៅមានប្រជាជនជាង ២០ ០០០ នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារទីប្រជុំជន និងភូមិឋានដើមរបស់ពួកគាត់ត្រូវទាហានថៃកាន់កាប់ដោយខុសច្បាប់។ ក្នុងអំឡុងពេលចុះពិនិត្យនៅអតីតទីប្រជុំជនជាយដែន លោកបានឃើញផ្ទាល់ភ្នែកនូវរបាំង លួសបន្លា ផ្ទះដែលមានស្នាមធ្លុះធ្លាយដោយគ្រាប់កាំភ្លើង ឃ្លាំងស្តុកទំនិញខូចខាត និងថែមទាំងបានប្រទះឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះនៅក្នុងគំនរសំណង់បែកបាក់ទៀតផង។

លោកបានរំលឹកថា យោងតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រវាងប្រទេសទាំងពីរ ជនភៀសសឹកមានសិទ្ធិពេញលេញក្នុងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព។ លោក ថម អ៊ែនឌ្រីវស៍ បានសម្តែងឆន្ទៈយ៉ាងមុតមាំក្នុងការសហការជាមួយទាំងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស ដោយបានសង្កត់ធ្ងន់ថា ការបញ្ចប់ជម្លោះនេះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចរស់នៅក្នុងបរិយាកាសមានស្ថិរភាព សុវត្ថិភាព និងអាចចាប់យកឱកាសសេដ្ឋកិច្ចឡើងវិញ៕

Share.