ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គម វិស័យភាពយន្តកម្ពុជាបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ។ ភាពយន្តមិនត្រឹមតែជាប្រភពកំណើនសេដ្ឋកិច្ចថ្មី និងជាឧបករណ៍ពង្រឹងអំណាចទន់របស់ជាតិ (National’s Soft Power) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកការពារ និងផ្សព្វផ្សាយអត្តសញ្ញាណជាតិលើឆាកអន្តរជាតិទៀតផង។

ទន្ទឹមនឹងការរីកចម្រើននេះ វិស័យភាពយន្តក៏ប្រឈមនឹងបញ្ហាយ៉ាងគំហុកនៃរសនិយម និងខ្លឹមសារសាច់រឿងគ្រប់ប្រភេទ ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌សង្គម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ភាពយន្ត» ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងខ្លឹមសារ និងកំណត់អាយុអ្នកទស្សនាឱ្យមានតម្លាភាព និងទំនួលខុសត្រូវខ្ពស់។
គោលការណ៍ណែនាំថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើជាឧបករណ៍និយតកម្មមួយ ដើម្បីរក្សាតុល្យភាពរវាងសេរីភាពក្នុងការផលិតភាពយន្តបែបច្នៃប្រឌិត និងការការពារគុណតម្លៃវប្បធម៌ជាតិ។ ការគ្រប់គ្រងខ្លឹមសាររូបភាព និងសោភ័ណភាពយន្តបែបនេះ គឺជាយន្តការចាំបាច់ដើម្បីការពារទស្សនិកជន ជាពិសេសអនីតិជន និងកុមារ ចៀសវាងពីការទស្សនាខ្លឹមសារ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់ស្មារតី និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។
លើសពីនេះ ប្រព័ន្ធចំណាត់ថ្នាក់ភាពយន្តនេះ នឹងជួយតម្រង់ទិសអ្នកផលិតឱ្យបង្កើតស្នាដៃដែលស្របតាមតម្លៃប្រពៃណី ព្រមទាំងជួយឱ្យការកម្សាន្តក្នុងសង្គមកម្ពុជាប្រកបដោយបរិយាបន្ន និងសមធម៌ សំដៅរួមចំណែកកសាងកម្ពុជាជា «អរិយប្រទេស»។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត គណៈកម្មការពិនិត្យខ្លឹមសាររូបភាព និងចំណាត់ថ្នាក់ភាពយន្ត នឹងទទួលបន្ទុកត្រួតពិនិត្យ វាយតម្លៃ និងកំណត់កម្រិតអាយុរបស់អ្នកទស្សនា ជា ៧ កម្រិតដូចខាងក្រោម៖
-សក្តិសមសម្រាប់ទស្សនិកជនទូទៅ
-សក្តិសមសម្រាប់ទស្សនិកជនដែលមានអាណាព្យាបាលទស្សនាជាមួយ
-សក្តិសមសម្រាប់ទស្សនិកជនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង
-សក្តិសមសម្រាប់ទស្សនិកជនដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើង
-ហាមទស្សនិកជនដែលមានអាយុក្រោម ១៨ ឆ្នាំ
-ហាមទស្សនិកជនដែលមានអាយុក្រោម ២១ ឆ្នាំ
-ហាមឃាត់ / មិនអាចទទួលការវាយតម្លៃកម្រិតចំណាត់ថ្នាក់ណាមួយបាន
ដើម្បីឱ្យយន្តការនេះដំណើរការទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ពីការទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មភាពយន្ត រួមមាន៖ ក្រុមហ៊ុនផលិតភាពយន្ត, ក្រុមហ៊ុនចែកចាយ, ម្ចាស់រោងបញ្ចាំងភាពយន្ត ព្រមទាំងគ្រប់ប្រព័ន្ធផ្សព្វផ្សាយភាពយន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការដាក់ចេញនូវប្រព័ន្ធចំណាត់ថ្នាក់ភាពយន្តនាពេលនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មភាពយន្តភាគភាគីកម្ពុជា ឱ្យដើរទន្ទឹមគ្នារវាងការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា នវានុវត្តន៍ និងការថែរក្សាសន្តិសុខវប្បធម៌ជាតិឱ្យបានគង់វង្ស៕

