ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន បានអំពាវនាវឱ្យព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្ត អាចារ្យ អាចារិនី និងគណៈកម្មការវត្តទូទាំងខេត្តត្បូងឃ្មុំ រួមគ្នាផ្សព្វផ្សាយសីលធម៌ អប់រំពុទ្ធបរិស័ទឱ្យវៀរចាកឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។






ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីព្រះមេគណទាំងពីរគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាង ២០០អង្គ/នាក់។





ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានគូសបញ្ជាក់ថា ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងការគ្រប់គ្រងវត្តអារាម ការសិក្សាព្រះធម៌វិន័យ ការអប់រំព្រះសង្ឃ និងការដោះស្រាយបញ្ហាផ្សេងៗឱ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត ក៏ត្រូវសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងអភិវឌ្ឍវត្តអារាមដោយតម្លាភាព និងសាមគ្គីភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យព្រះសង្ឃខិតខំប្រតិបត្តិធម៌វិន័យក្នុងរដូវចូលព្រះវស្សា ផ្តោតលើការសិក្សាព្រះធម៌ ការចម្រើនសមថៈ និងវិបស្សនា ព្រមទាំងបន្តអប់រំពុទ្ធបរិស័ទឱ្យប្រកាន់ខ្ជាប់សីលធម៌ល្អ ដើម្បីលើកកម្ពស់កិត្តិយសព្រះពុទ្ធសាសនា។




ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យគ្រប់វត្តអនុវត្តអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ជាមុននូវសកម្មភាពអសកម្មដែលអាចកើតមានក្នុងបរិវេណវត្តអារាម និងរួមចំណែកកសាងសហគមន៍ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
អត្ថបទ÷អាចារ្យលាក់








