រដ្ឋមន្ត្រីការបរទេសថៃបានប្រកាសពីបំណងក្នុងការដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសារកើតទុក្ខមិនសុខចិត្តនឹងការអះអាងរបស់អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលថៃចាត់ទុកថាបានធ្វើការចោទប្រកាន់ និងប៉ះពាល់ដល់ភាគីខ្លួន។

រូបភាពឯកសារ ពី The Nation Thailand, ពុំមានរូបភាពសន្និសីទផ្ទាល់ទេ ដោយសារកាសែតថៃនេះបិទមិនមើលឃើញនៅកម្ពុជា

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាក្រសួងការបរទេសនៅដើមខែសីហានេះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ភួងកេតកែវ បានថ្លែងវាយហារចំៗថា របាយការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេស អ.ស.ប ផ្ទុកទៅដោយទិន្នន័យមិនត្រឹមត្រូវ ខ្វះការផ្ទៀងផ្ទាត់ និងខកខានក្នុងការរក្សាភាពអព្យាក្រឹតដែលជាគោលការណ៍គ្រឹះនៃអ្នកជំនាញឯករាជ្យ។

យោងតាមកាសែត The Nation Thailand, លោក ស៊ីហាស័ក្តិ បានបកស្រាយថា សេចក្តីថ្លែងការណ៍ដែលលោក Andrews បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ គ្រាន់តែជាការវាយតម្លៃផ្ទាល់ខ្លួនរបស់អ្នករាយការណ៍រូបនេះប៉ុណ្ណោះ ហើយវាមិនទាន់ជារបាយការណ៍ផ្លូវការដែលត្រូវបានទទួលស្គាល់ ឬអនុម័តដោយអង្គការសហប្រជាជាតិនៅឡើយទេ។ លោកបានរិះគន់ការប្រញាប់ប្រញាល់ធ្វើសន្និសីទសារព័ត៌មានជាសាធារណៈ មុនពេលបញ្ជូនរបាយការណ៍ចូលក្នុងដំណើរការពិនិត្យឡើងវិញផ្លូវការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅទីក្រុងហ្សឺណែវ ជាទីដែលរដ្ឋជាសមាជិក រួមទាំងថៃផងដែរ នឹងមានឱកាសដេញដោល និងធ្វើការតវ៉ាលើចំណុចមិនត្រឹមត្រូវផ្សេងៗ។

យ៉ាងណាមិញ ការលើកឡើងរបស់លោក ស៊ីហាស័ក្ដិ ហាក់ដូចជាមិនស្របទៅនឹង «គោលការណ៍នៃក្រមប្រតិបត្តិសម្រាប់អាណត្តិអ្នករាយការណ៍ពិសេស (Code of Conduct for Special Procedures Mandate-holders of the Human Rights Council)» និង «សៀវភៅណែនាំស្តីពីកិច្ចប្រតិបត្តិរបស់អ្នករាយការណ៍ពិសេស (Manual of Operations of the Special Procedures of the Human Rights Council)» ដែលបានចង្អុលបង្ហាញថា អ្នករាយការណ៍ពិសេស (Special Rapporteur) គឺជាអ្នកជំនាញឯករាជ្យ ដែលបំពេញការងារក្នុងសមត្ថភាពផ្ទាល់ និងមានឯករាជ្យពេញលេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកទាំងអស់។

អ្នករាយការណ៍ពិសេសអាចធ្វើសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មរបស់ខ្លួន ដែលជាការវាយតម្លៃបឋមរបស់អ្នកជំនាញផ្ទាល់ ដោយមិនចាំបាច់បញ្ជូនទៅជជែកដេញដោល ឬសុំការអនុម័តសម្រេចពីក្រុមប្រឹក្សាសិទ្ធិមនុស្សនោះទេ។ ការជជែកដេញដោលជាផ្លូវការ (Interactive Dialogue) នឹងកើតឡើងនៅពេលក្រោយ គឺនៅពេលដែលអ្នករាយការណ៍ពិសេសរៀបចំ «របាយការណ៍បេសកកម្មផ្លូវការចុងក្រោយ (Final Country Mission Report)» រួចរាល់ ហើយដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងសម័យប្រជុំធម្មតា។ នៅពេលនោះ រដ្ឋសមាជិក និងភាគីពាក់ព័ន្ធ នឹងមានសិទ្ធិជជែកដេញដោល និងឆ្លើយតប។

កាសែត The Nation Thailand បានស្រង់ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលបដិសេធលើខ្លឹមសារនៃរបាយការណ៍ ដែលថាមានប្រជាពលរដ្ឋកម្ពុជា ៦៥០,០០០ នាក់បានបាត់បង់ទីជម្រកដោយសារជម្លោះព្រំដែន ដោយពន្យល់ថា តួលេខនេះបានរាប់បញ្ចូលទាំងពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្ររំលោភចូលទឹកដីថៃតាំងពីជម្លោះស៊ីវិលកាលពីជាង ៥០ ឆ្នាំមុន ដែលមិនស្ថិតក្រោមនិយមន័យនៃជនភៀសខ្លួនក្នុងស្រុក (IDPs) នោះទេ។ បន្ថែមពីនេះ លោក ស៊ីហាស័ក្តិ បានចោទថា របាយការណ៍នេះបានមើលរំលងការខាតបង់របស់ថៃ រួមទាំងការខូចខាតសាលារៀន និងមន្ទីរពេទ្យដោយសារការវាយប្រហារ ព្រមទាំងបានច្រានចោលការចោទប្រកាន់ជុំវិញការបណ្តេញពលករកម្ពុជាដោយបង្ខំ ដោយអះអាងថាជាការអំពាវនាវឱ្យត្រឡប់ទៅវិញពីសំណាក់រាជធានីភ្នំពេញខ្លួនឯង។

ចំណុចគួរកត់សម្គាល់៖ អ្នករាយការណ៍ពិសេស អ.ស.ប. លោក Tom Andrews គូសរំលេចក្នុងសេចក្ដីថ្លែងការថា «ក្នុងចំណោមប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ដែលបានភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីចុងឆ្នាំកន្លងទៅ នៅមានប្រជាជនជាង ២០ ០០០ នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារទីប្រជុំជន និងភូមិឋានដើមរបស់ពួកគាត់ត្រូវទាហានថៃកាន់កាប់ដោយខុសច្បាប់។»

មិនដឹងថា សារព័ត៌មានស្រង់តួលេខមិនគ្រប់ជ្រុងជ្រោយ ឬលោករដ្ឋមន្ត្រី ស៊ីហាស័ក្ដិ ភាន់ច្រឡំខ្លួនឯង!

លោក ស៊ីហាស័ក្ដិ មិនបានបញ្ជាក់ច្បាស់លាស់ទេអំពីចំណុចដែលថៃចាត់ទុកថាជាភូមិសាស្ត្ររំលោភចូលទឹកដីខ្លួន ប៉ុន្តែបើតាមសេណារីយោកន្លងមក ទំនងជាចង់សំដៅលើភូមិជោគជ័យ និងភូមិព្រៃចាន់។ ភាគីថៃចាត់ទុកថា ភូមិជោគជ័យ និងព្រៃចាន់ គឺជាទឹកដីដែលខ្លួនអនុញ្ញាតឱ្យជនភៀសខ្លួនពីសង្គ្រាមស៊ីវិលកម្ពុជាកាលពីអំឡុងឆ្នាំ ១៩៧៩-១៩៨០ ទៅរស់នៅ ហើយក្រោយមកពលរដ្ឋកម្ពុជាបានសាងសង់លំនៅឋានបង្កើតបានជាភូមិ ដោយមិនដែលឮថាភាគីថៃតវ៉ាជាផ្លូវការណាមួយឡើយ។ ភូមិសាស្ត្រនេះត្រូវបានលើកឡើងជាកម្មវត្ថុក្នុងការដណ្តើមកាន់កាប់នៅអំឡុងពេលដែលកងទ័ពថៃវាយប្រហារឈ្លានពានមកលើកម្ពុជានៅខែកក្កដា ឆ្នាំ២០២៥ ដោយសំអាងលើផែនទីឯកតោភាគីរបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី ភស្តុតាងបានបង្ហាញថា ក្រុមទាហានថៃបានចូលកាន់កាប់ដោយខុសច្បាប់ជ្រៅជាងផែនទីក្លែងក្លាយនោះទៅទៀត។

ទោះជាយ៉ាងណា កិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលបញ្ចប់នៅរំលងអាធ្រាត្រចូលថ្ងៃទី ២៣ តុលា ឆ្នាំ២០២៥ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន ដោយប្រើប្រាស់ផែនទី ១/២០០.០០០ សន្ធិសញ្ញាឆ្នាំ១៩០៧ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧)។ លទ្ធផលដែលទទួលបាន រំពឹងថានឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាងសម្រាប់ធ្វើការដោះស្រាយបន្ត។ ប៉ុន្តែជាអកុសល នៅខែធ្នូ ឆ្នាំដដែល កងទ័ពថៃបានបើកការវាយប្រហារយ៉ាងកម្រោលម្តងទៀត ដែលជាហេតុនាំឱ្យកិច្ចការខាងលើនេះត្រូវផ្អាកទៅវិញ។

ទឡ្ហីករណ៍ខាងលើនេះបញ្ជាក់ថា តួលេខអ្នកដែលភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ដោយសារសង្គ្រាម គឺជាចំនួនមនុស្សរត់រកទីសុវត្ថិភាពជាក់ស្តែង មិនគួរត្រូវបានយកទៅភ្ជាប់ជាមួយនឹងវិធីសាស្ត្រដណ្តើមកាន់កាប់ដែនដីនោះទេ។ ក្នុងន័យនេះ សិទ្ធិសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជនមិនត្រូវទទួលរងការរំលោភបំពានជាដាច់ខាតនៅអំឡុងពេលដោះស្រាយវិវាទព្រំដែន ហើយវិវាទត្រូវតែដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិឱ្យចប់ជាស្ថាពរ ទើបបញ្ហាប្រជាជននឹងត្រូវបានដោះស្រាយជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ដោយឡែក សេចក្ដីថ្លែងការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេស អ.ស.ប បានសង្កត់ធ្ងន់លើការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ដើម្បីពន្លឿនការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាព និងដោយគ្មានការរារាំង សម្រាប់ប្រជាពលរដ្ឋស៊ីវិលដែលរងគ្រោះដោយសារកងទ័ពបានរំលោភចូលកាន់កាប់ដោយខុសច្បាប់។

បន្ថែមលើនេះ ភាគីថៃបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការយកផ្នែកខ្លះនៃរបាយការណ៍នេះទៅធ្វើជាឧបករណ៍កេងចំណេញផ្នែកនយោបាយ និងការឃោសនាពីសំណាក់អាជ្ញាធរកម្ពុជា ដែលទង្វើនេះត្រូវបានមើលឃើញថាជាការរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Cebu ស្តីពីការបញ្ឈប់ការវាយប្រហារពាក្យសម្តីលើឆាកអន្តរជាតិ។

តាមលោក ស៊ីហាស័ក្តិ ភាគីថៃគ្រោងនឹងប្រើប្រាស់ភាពជាសមាជិក UNHRC របស់ខ្លួន នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ខាងមុខ ដើម្បីវាយប្រហារបកមកលើកម្ពុជាវិញ ជុំវិញបញ្ហាបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងឃាតកម្ម ដោយជំរុញឱ្យមានការយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយជាអន្តរជាតិ៕

Share.