ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឯកឧត្តម ហេង រតនា បានគូសរំលេចពីសោកវិនាសកម្មដ៏ជូរចត់ និងគ្រោះថ្នាក់រ៉ាំរ៉ៃនៃសំណល់គ្រាប់បែកចង្កោមដែលបានកើតឡើងនៅប្រទេសលីបង់ កាលពី ២០ ឆ្នាំមុន ដើម្បីជាមេរៀន និងជាការឆ្លុះបញ្ចាំងឱ្យឃើញពីហានិភ័យដ៏ធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកម្ពុជាកំពុងប្រឈម បន្ទាប់ពីកងទ័ពថៃបានបាញ់ប្រហារគ្រាប់បែកចង្កោមប្រភេទដូចគ្នានេះចូលមកក្នុងទឹកដីកម្ពុជា។

យោងតាមការបង្ហោះសារចែករំលែកចំណេះដឹង និងការយល់ដឹងលើបណ្តាញសង្គមរបស់ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងលីបង់ កាលពីឆ្នាំ២០០៦ (រយៈពេល ៣៤ ថ្ងៃ) មុនពេលបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិចូលជាធរមានត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ កងទ័ពអ៊ីស្រាអែលបានសម្រុកបាញ់គ្រាប់បែកចង្កោម (ប្រភេទ M42, M46 និង M85) រហូតដល់ទៅប្រមាណ ៤ លានគ្រាប់ ទៅលើភូមិឋាន ដីកសិកម្ម និងទីប្រជុំជនរបស់លីបង់ ចំនួនពី ៧០ ទៅ ១៤០ តំបន់ ដែលគ្របដណ្តប់លើផ្ទៃដីរងផលប៉ះពាល់ពី ២៤ ទៅ ៣០ គីឡូម៉ែត្រក្រឡា។
ឯកឧត្តម បានបន្ថែមថា តាមកំណត់ត្រារបស់ក្រុមជំនាញ ប្រមាណ ៤០% នៃគ្រាប់បែកចង្កោមទាំងនោះមិនផ្ទុះ (ស្មើនឹងប្រមាណ ១ លានគ្រាប់) ដែលបាននិងកំពុងបន្តបង្កហានិភ័យដល់ជីវិតប្រជាជនលីបង់រហូតមកដល់សព្វថ្ងៃ។ ក្នុងនោះ ត្រឹមតែរយៈពេល ២ ឆ្នាំដំបូងក្រោយបញ្ចប់សង្គ្រាម សំណល់គ្រាប់បែកមិនទាន់ផ្ទុះទាំងនេះបានបង្កឱ្យមានជនរងគ្រោះរហូតដល់ ២១៤ នាក់។ ដើម្បីជួយកិច្ចការមនុស្សធម៌ និងការពារជនស៊ីវិល ជាពិសេសកុមារ អង្គការសហប្រជាជាតិ (UN) បានទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលផ្តល់ទិន្នន័យនៃការបាញ់ប្រហារ ហើយរហូតដល់ឆ្នាំ២០០៩ (៣ ឆ្នាំក្រោយសង្គ្រាម) ទើបអ៊ីស្រាអែលយល់ព្រមប្រគល់ទិន្នន័យទាំងនោះ។

ឆ្លុះបញ្ចាំងមកកាន់កម្ពុជា ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងជម្លោះ និងសង្គ្រាមព្រំដែនកាលពីឆ្នាំ២០២៥ កងទ័ពថៃបានបាញ់ប្រហារគ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជាយ៉ាងខ្លាំងក្លាឥតឈប់ឈររៀងរាល់ថ្ងៃ អស់រយៈពេល ២៦ ថ្ងៃ។
អ្វីដែលគួរឱ្យព្រួយបារម្ភ និងជាចំណុចដូចគ្នានោះគឺ គ្រាប់បែកចង្កោមភាគច្រើនដែលកងទ័ពថៃបានប្រើប្រាស់បាញ់ចូលមកដីកម្ពុជានោះ គឺជាប្រភេទ M42, M46 និង M85 ដែលជាផលិតផលផលិតនៅប្រទេសអ៊ីស្រាអែលដូចគ្នានឹងប្រភេទគ្រាប់ដែលបានបាញ់ប្រហារនៅប្រទេសលីបង់ដែរ។
ការលើកឡើងរបស់ប្រមុខអាជ្ញាធរមីនកម្ពុជានាពេលនេះ គឺជាការដាស់តឿន និងជាសារប្រកាសអាសន្នមួយទៅកាន់សាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសំណល់គ្រាប់បែកចង្កោមទាំងនេះ ព្រោះវាជាប្រភេទអាវុធប្រហារជីវិតបង្កប់ដី ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វបានគ្រប់ពេលវេលា ទោះបីជាសង្គ្រាមបានបញ្ចប់ទៅហើយក្តី៕

