ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដាក់ចេញទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសលើសំណុំរឿងធំៗ និងការស្រាវជ្រាវបទល្មើសសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀន។

ទិសដៅនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន រួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមនាយកមន្ទីរ បានណែនាំឱ្យមន្ត្រីជំនាញបន្តពង្រឹងការងារស៊ើបអង្កេត និងស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីបង្កើនប្រសិទ្ធភាពការបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់។ឯកឧត្តមក៏បានសង្កត់ធ្ងន់ឱ្យបន្តអនុវត្តដីកាដែលនៅសេសសល់ ដោយពន្លឿនការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យនៅគ្រប់រាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន។

Share.