ខេត្តណារ៉ាធិវ៉ាត់៖ ស្ថានភាពអសន្តិសុខ និងអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសថៃ បានឈានដល់កម្រិតប្រកាសអាសន្នជាថ្មី បន្ទាប់ពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយ បានផ្ទុះទៅជាសមរភូមិបាញ់ប្រហារគ្នាយ៉ាងសាហាវ ធ្វើឱ្យមន្ត្រីនគរបាល ២រូបបានពលីជីវិតភ្លាមៗនៅនឹងកន្លែង និង ៤រូបផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១:៤៨ នាទីព្រឹក ថ្ងៃអាទិត្យ ទី២ ខែសីហា នៅក្នុងស្រុកតាកបៃ (Tak Bai) ខេត្តណារ៉ាធិវ៉ាត់ (Narathiwat)។

លោក Pakkawat Wansanuk ស្នងការនគរបាលស្រុកតាកបៃ បានគូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះបេសកកម្មឆែកឆេរតំបន់ខាងលើ ផ្អែកតាមព័ត៌មានសម្ងាត់ច្បាស់ការអំពីសកម្មភាពជួញដូរគ្រឿងញៀន។ យ៉ាងណាមិញ ពេលក្រុមមន្ត្រីទៅដល់ ជនសង្ស័យបានបើកការប្រហារដោយអាវុធយ៉ាងគឃ្លើនមកលើកម្លាំងអាជ្ញាធរ ដោយគ្មានការញញើតដៃ។
លោកស្នងការបានរៀបរាប់ថា ការបាញ់ប្រហារតតាំងគ្នាយ៉ាងក្តៅគគុកបានកើតឡើង។ មន្ត្រីនគរបាល ២រូប បានត្រូវគ្រាប់កាំភ្លើងចំដើមទ្រូង និងក្បាល បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈមន្ត្រី ៤រូបផ្សេងទៀតបានរងរបួស។

ក្រោយផ្ទុះអាវុធ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចូលទៅក្នុងចម្ការដូងប្រេងនៅក្បែរនោះ ដោយបន្សល់ទុកនូវតម្រុយមួយចំនួន ដែលសមត្ថកិច្ចកំពុងបើកការដេញតាមប្រមាញ់យ៉ាងក្តៅគគុក។
ហេតុការណ៍បាញ់បោះសេរីនៅខេត្តភាគខាងត្បូងចុងក្រោយនេះ មិនមែនជាករណីដាច់ដោយឡែកនោះទេ ប៉ុន្តែវាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនៃអំពើហិង្សា និងវិបត្តិអសន្តិសុខកាន់តែធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ។ តំបន់ភាគខាងត្បូងថៃ (ជាពិសេសខេត្តណារ៉ាធិវ៉ាត់ យេឡា និងប៉ាតានី) បាននិងកំពុងរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមទាមទារឯករាជ្យ ដែលតែងតែប្រើប្រាស់វិធីសាស្ត្រលួចឆ្មក់វាយប្រហារ ដាក់គ្រាប់បែក និងបាញ់ប្រហារលើមន្ត្រីអាជ្ញាធររដ្ឋ។


ជាក់ស្តែង កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅថ្មីៗនេះ ករណីវាយប្រហារយ៉ាងសាហាវមួយបានកើតឡើងនៅឯប៉ុស្តិ៍ត្រួតពិនិត្យ Buketa Sami ក្នុងខេត្តណារ៉ាធិវ៉ាត់ ដដែល ដោយបានផ្តាច់ជីវិតទាហានថៃអស់ ៥នាក់ភ្លាមៗនៅនឹងកន្លែង។
ការបន្តកើតឡើងនូវហេតុការណ៍ហិង្សាជាបន្តបន្ទាប់នេះ បានចោទជាសញ្ញាសួរយ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពរបស់មន្ត្រីជួរមុខ និងបានធ្វើឱ្យអាជ្ញាធរថៃត្រូវបង្ខំចិត្តបង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងសន្តិសុខនៅទូទាំងតំបន់ភាគខាងត្បូង ដល់កម្រិតខ្ពស់បំផុត៕

