បាត់ដំបង៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ខេត្តបាត់ដំបង មានបេក្ខជនជិត១ម៉ឺននាក់ ចូលរួមប្រឡង។



យោងតាមការបញ្ជាក់របស់លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានឲ្យដឹងថា សម័យប្រឡងឆ្នាំសិក្សា២០២៥-២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៩៦២៣នាក់ ក្នុងនោះសិស្សស្រីចំនួន ៥៥៨៨នាក់។
ក្នុងចំណោមបេក្ខជនទាំងអស់ មានសិស្សប្រឡងផ្នែកវិទ្យាសាស្ត្រចំនួន ២៧៣៧នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមចំនួន ៦៨៨៦នាក់។
ប្រធានមន្ទីរបានបញ្ជាក់បន្តថា ការប្រឡងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ជាមួយគ្នានេះ មន្ត្រីជំនាញបានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលទាំងអស់ ក្នុងខេត្តបាត់ដំបង សូមកុំដំឡើងថ្លៃស្នាក់នៅ ក្នុងអំឡុងពេលប្រឡង ដើម្បីចូលរួមកាត់បន្ថយចំណាយ និងផ្តល់ភាពងាយស្រួលដល់បេក្ខជន និងសាច់ញាតិដែលធ្វើដំណើរមកពីតំបន់ផ្សេងៗ៕
អត្ថបទ៖ ដំបងក្រញូង

