ភ្នំពេញ៖ ការស្នើសុំឱ្យអង្គការ UNESCO ចុះពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការកត់ត្រានិងរាយការណ៍ផ្លូវការទៅកាន់ស្ថាប័នអន្តរជាតិ ជុំវិញផលប៉ះពាល់ដែលបណ្តាលមកពីការប្រយុទ្ធគ្នានាពេលកន្លងមក។ សកម្មភាពនេះ មិនត្រឹមតែជួយឱ្យសហគមន៍អន្តរជាតិបានយល់ច្បាស់ពីស្ថានភាពជាក់ស្តែង និងសារៈសំខាន់នៃការការពារបេតិកភណ្ឌពិភពលោកមួយនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្សីភាពបង្ហាញឱ្យពិភពលោកបានឃើញយ៉ាងច្បាស់អំពីអំពើឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

លោក Flavio Bonetti (ផ្លាវីយ៉ូ បូណែតទី) តំណាងក្រុមការងារអង្គការ UNESCO បានបញ្ជាក់ថា អ្នកជំនាញបានចុះទៅដល់ទីតាំងប្រាសាទព្រះវិហារដោយផ្ទាល់ ដើម្បីពិនិត្យ និងវាយតម្លៃផលប៉ះពាល់លើតួប្រាសាទ។ បច្ចុប្បន្ន ក្រុមការងារកំពុងសិក្សាលើគម្រោងជួសជុលឡើងវិញ ដើម្បីកៀរគរការគាំទ្រពីអន្តរជាតិ ក្នុងការស្តារសម្បត្តិបេតិកភណ្ឌនេះ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងថា UNESCO មិនត្រឹមតែបំពេញតួនាទីត្រួតពិនិត្យការខូចខាតប៉ុណ្ណោះទេ ប៉ុន្តែបានសម្តែងការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការជួយអភិរក្ស និងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌពិភពលោកដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទាំងមូល។ ការខូតខាតណាមួយលើតួប្រាសាទ គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងវប្បធម៌ពិភពលោក។ ហេតុនេះ ការការពារ ការវាយតម្លៃការខូចខាតឱ្យបានច្បាស់លាស់ និងការស្តារឡើងវិញប្រកបដោយបរិយាបន្ន គឺជាកាតព្វកិច្ចចាំបាច់បំផុត ដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រមួយនេះឱ្យនៅគង់វង្សសម្រាប់ជំនាន់ក្រោយៗទៀត៕

