បេក្ខជនសរុបចំនួន ១៥១,២៣៨ នាក់ ក្នុងនោះមានស្រីចំនួន ៨៤,៧៣៥ នាក់ បានចុះឈ្មោះចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ផ្អែកតាមទិន្នន័យស្ថិតិបេក្ខជន និងមណ្ឌលប្រឡងរបស់ក្រសួងអប់រំ បានឱ្យដឹងបន្ថែមថា ក្នុងចំណោមបេក្ខជនចុះឈ្មោះសរុបជាង ១៥ ម៉ឺននាក់នោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧,៤៤៥ នាក់ (ស្រី ២២,១៩៣ នាក់) ខណៈដែលបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនរហូតដល់ ១១៣,៧៩៣ នាក់ (ស្រី ៥២,៥៤២ នាក់)។
ដើម្បីរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ក្រសួងបានរៀបចំមណ្ឌលប្រឡងសំណេរចំនួន ២៤៤ មណ្ឌល ត្រូវជា ៦,១០៤ បន្ទប់ នៅទូទាំងប្រទេស ដោយក្នុងមួយបន្ទប់មានបេក្ខជនចំនួន ២៥ នាក់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់បេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ក្នុងនោះ មណ្ឌលថ្នាក់វិទ្យាសាស្ត្រមានចំនួន ៦៨ មណ្ឌល ត្រូវជា ១,៥២៦ បន្ទប់។ ចំណែកឯមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៧៦ មណ្ឌល ត្រូវជា ៤,៥៧៨ បន្ទប់ និងមណ្ឌលកំណែវិញ្ញាសារមានចំនួន ១០ មណ្ឌល ស្ថិតក្នុងរាជធានីភ្នំពេញ។
ដំណើរការសំណេរនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់មកដំណើរការកែនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា។ ឯដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែសីហា ហើយលទ្ធផលប្រឡងនឹងត្រូវប្រកាសផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់មណ្ឌលប្រឡងនៅតាមបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេស។
ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់» ក្រសួងអប់រំបានចាត់តាំងគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗសរុបចំនួន ៣៣,៧៦២ នាក់ ដោយមានការចូលរួមសហការយ៉ាងជិតសិទ្ធជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាស់តឿន និងរំលឹកដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់បំផុត ដោយដាច់ខាតមិនត្រូវនាំចូលនូវសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិកឆ្លាតវៃគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡងឡើយ ហើយបេក្ខជនណាដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិ នឹងត្រូវប្រឈមមុខនឹងការធ្លាក់ជាស្វ័យប្រវត្តិ៕

