ឈៀងរ៉ៃ៖ ករណីប្លន់ហាងមាសទ្រង់ទ្រាយធំមួយបានកើតឡើងសារជាថ្មីនៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហា ដោយក្រុមចោរបានសម្រុកចូលប្លន់យកគ្រឿងអលង្ការមាសដែលមានតម្លៃប្រមាណ ១៣លានបាត (ប្រមាណជាង ៣៩ម៉ឺនដុល្លារ) រួចគេចខ្លួនចូលទៅក្នុងប្រទេសឡាវដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Thaiger នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ បានចោទជាសំណួរធ្ងន់ធ្ងរជាថ្មីម្តងទៀតអំពីប្រសិទ្ធភាពនៃការរឹតបន្តឹងសន្តិសុខ និងការគ្រប់គ្រងព្រំដែនរបស់អាជ្ញាធរមានសមត្ថកិច្ចថៃ។

តាមរូបភាពវីដេអូសុវត្ថិភាព (CCTV) មានជនសង្ស័យ ២នាក់ ដោយម្នាក់ប្រដាប់ដោយកាំភ្លើងឈរភ្ជង់បុគ្គលិកហាង និងម្នាក់ទៀតបានផ្លោះរំលងទូតាំងមាស ដើរប្រមូលយកគ្រឿងអលង្ការទាំងអស់យ៉ាងស្ទាត់ជំនាញ មុនពេលជិះម៉ូតូគេចខ្លួនចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងស្រុកឈៀងខុង។
អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ក្រុមចោរបានយកម៉ូតូទៅផ្លុងចោលនៅក្បែររូបសំណាកត្រីរាជដ៏ធំនៃទន្លេមេគង្គ រួចជិះសាឡាងឆ្លងដែនចូលទៅកាន់ខេត្តបូកែវ ប្រទេសឡាវ យ៉ាងរលូន ដោយគ្មានការរារាំង ឬការត្រួតពិនិត្យទាន់ពេលវេលាពីកងកម្លាំងប្រដាប់អាវុធ ឬនគរបាលការពារព្រំដែនថៃឡើយ។





ផ្អែកតាមលទ្ធផលស៊ើបអង្កេត ម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាព ត្រូវបានជួលចេញពីអាជីវកម្មជួលយានយន្តមួយកន្លែងនៅជិតកំពង់សាឡាង បាក់ ដោយម្ចាស់ហាងសារភាពថា មិនបានប្រមូលឯកសារអត្តសញ្ញាណប័ណ្ណ ឬធ្វើកិច្ចសន្យាជួលអ្វីទាំងអស់។ អវត្តមាននៃការគ្រប់គ្រងអាជីវកម្មបែបនេះ បង្ហាញពីការបណ្តែតបណ្តោយឱ្យអំពើឧក្រិដ្ឋកម្មកើតឡើងយ៉ាងងាយស្រួល។ ទោះបីជាមានការបញ្ជាក់ថា ម្នាក់ក្នុងចំណោមជនសង្ស័យគឺជាជនជាតិឡាវ ឈ្មោះ Thao Pornprasit Khamtit អាយុ ២៨ឆ្នាំក៏ដោយ ប៉ុន្តែការដែលឧក្រិដ្ឋជនអាចឆ្លងដែនគេចខ្លួនទៅដល់ខេត្តលួងណាមថា យ៉ាងលឿនបែបនេះ បានស្តែងឱ្យឃើញថា ព្រំដែនថៃនៅតែជា ច្រកសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជន។


មែនទែនទៅ ការប្លន់នៅឈៀងរ៉ៃលើកនេះ មិនមែនជាករណីទី១ នោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីបរាជ័យជាប្រព័ន្ធក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បុរសជនជាតិថៃម្នាក់បានប្លន់ខ្សែករមាសនៅឈៀងរ៉ៃ រួចហែលទឹកឆ្លងដែនទៅប្រទេសមីយ៉ាន់ម៉ា គេចខ្លួនដោយជោគជ័យទម្រាំតែចាប់ខ្លួនបាននៅដើមឆ្នាំ២០២៣។ កាលពីខែមីនា ឆ្នាំ២០២៥ ករណីប្លន់មាសតម្លៃ ៤.៧លានបាតនៅខេត្តតាក ជនសង្ស័យក៏បានគេចខ្លួនចូលមីយ៉ាន់ម៉ា ដែរ ដោយអាជ្ញាធរថៃធ្វើបានត្រឹមតែបង្កើតចំណុចត្រួតពិនិត្យតែគ្មានលទ្ធផល ឬធ្វើរបាយការណ៍បន្តឡើយ។
ទោះបីជាពេលនេះ ប៉ូលីសថៃបានប្រកាសប្រាក់រង្វាន់ ១០០,០០០បាត សម្រាប់តម្រុយឈានទៅដល់ការចាប់ខ្លួន និងកំពុងសម្របសម្រួលជាមួយអាជ្ញាធរឡាវក៏ដោយ ប៉ុន្តែសកម្មភាពធ្វេសប្រហែសបែបនេះ រងការរិះគន់យ៉ាងខ្លាំងពីមហាជន។ ប្រសិនបើអាជ្ញាធរថៃ នៅតែបន្តបណ្តែតបណ្តោយឱ្យអាជីវកម្មក្នុងស្រុកប្រព្រឹត្តទៅដោយគ្មានការត្រួតពិនិត្យ និងមិនព្រមបង្កើនសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យពិតប្រាកដទេនោះ ប្រទេសថៃនឹងនៅតែជា «ជម្រក និងជាស្ពានចម្លង» ដ៏សមប្រកបសម្រាប់ក្រុមឧក្រិដ្ឋជនរត់ពន្ធ និងប្លន់ទ្រព្យសម្បត្តិជានិច្ច៕

