ភ្នំពេញ៖ គម្រោង «នាវាសន្តិភាពមេគង្គ-ឡានឆាង» លើកទី២ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទស្សនៈ រវាងបញ្ញាវន្ត និងយុវជនជំនាន់ក្រោយ ក្នុងការស្វែងយល់ពីតម្លៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអនុតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ពិធីបើកសម្ពោធគម្រោងនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នៃរដ្ឋសភាកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំងឯកអគ្គរដ្ឋទូត និងតំណាងបណ្តាប្រទេសក្នុងអនុតំបន់សរុបប្រមាណ ៧០នាក់។
គំនិតផ្តួចផ្តើមនាវាសន្តិភាពលើកទី២នេះ ប្រព្រឹត្តទៅក្រោមមូលបទ «មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព» ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ គម្រោងនេះជាសក្ខីភាពដ៏សំខាន់ដែលស្តែងឱ្យឃើញពីឆន្ទៈរួមរបស់ប្រជាជនក្នុងអនុតំបន់ ក្នុងការថែរក្សាសន្តិភាព និងការរស់នៅជាមួយគ្នាដោយសុខដុមរមនា។

ក្នុងក្របខ័ណ្ឌនៃគម្រោងនេះ កម្មវិធីបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សារយៈពេល ៧ថ្ងៃ នៅតាមបណ្តោយដងទន្លេមេគង្គ នឹងផ្តល់ឱកាសឱ្យយុវជន និងបញ្ញាវន្តមកពីបណ្តាប្រទេសភាគីមេគង្គ-ឡានឆាង បានជួបជុំគ្នាធ្វើការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរទស្សនវិស័យ និងរឹតចំណងសាមគ្គីភាពលើមូលដ្ឋាននៃរាប់អាន និងការគោរពគ្នាទៅវិញទៅមក។ ការជួបជុំនេះ នឹងក្លាយជាកម្លាំងចលករក្នុងការរឹតបន្តឹងមិត្តភាពយុវជន និងរួមចំណែកដល់ការកសាងសហគមន៍អនាគតរួមគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង៕

