ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍នៅភូមិស្រអែមខាងជើង ទីភូមិដ្ឋានពលរដ្ឋរងការបំផ្លាញដោយគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំង F-16 និងកាំភ្លើងធំថៃ។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) នាព្រឹកថ្ងៃទី៦ ខែសីហា បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទីភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់រងការបំផ្លិចបំផ្លាញពីសំណាក់កងកម្លាំងយោធាថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។

