រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ឱកាសដល់ស្ត្រីក្នុងការកាន់តួនាទីដឹកនាំថ្នាក់ជាន់ខ្ពស់ តាមរយៈការសម្រេចតែងតាំងថ្នាក់ដឹកនាំស្ត្រីឆ្នើមចំនួន ២រូប ឱ្យកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុក នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តកំពត។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លោកស្រី ចំរើន ដាណេ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈដែល លោកស្រី ង៉ែត សូរ្យសែង ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកជុំគីរី ខេត្តកំពត។ ការទទួលបានសេចក្តីទុកចិត្តក្នុងការកាន់កាប់តួនាទីជាប្រមុខរដ្ឋបាលស្រុកនាពេលនេះ គឺជាសក្ខីភាពយ៉ាងច្បាស់សបញ្ជាក់ពីសមត្ថភាព ចំណេះដឹង និងបទពិសោធន៍យ៉ាងប្រពៃរបស់ថ្នាក់ដឹកនាំស្ត្រីទាំងពីររូបក្នុងការបម្រើជាតិ និងប្រជាជន ជាពិសេសគឺស្នាដៃដែលសម្រេចបាននាពេលកន្លងមក។

ការតែងតាំងស្ត្រីក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋាននេះ មិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការបង្កើនសមាមាត្រអ្នកដឹកនាំស្ត្រីក្នុងជួររាជរដ្ឋាភិបាល។ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យចូលរួមដឹកនាំ នឹងជួយបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ស្ត្រី និងកុមារនៅក្នុងសហគមន៍ឱ្យកាន់តែចំគោលដៅបន្ថែមទៀត។
ការចូលកាន់តំណែងថ្មីរបស់ លោកស្រី ចំរើន ដាណេ និង លោកស្រី ង៉ែត សូរ្យសែង ត្រូវបានរំពឹងថានឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបើកទូលាយនូវឱកាសសម្រាប់ស្ត្រី និងកុមារនៅក្នុងមូលដ្ឋាន ឱ្យទទួលបានការអប់រំរៀនសូត្រ ការគាំពារសង្គម និងការថែទាំសុខុមាលភាព ព្រមទាំងពង្រឹងសន្ដិសុខ និងរបៀបរៀបរយសាធារណៈនៅក្នុងស្រុកភ្នំស្រុក និងស្រុកជុំគីរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

