ការបន្តរឹបអូសបានគ្រឿងញៀនក្នុងបរិមាណដ៏សន្ធឹកសន្ធាប់ជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ នាដើមខែសីហា នេះ បានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរលើប្រសិទ្ធភាពនៃការការពារព្រំដែន និងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចថៃ ក្នុងការទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងប្រើប្រាស់ទឹកដីថៃធ្វើជាផ្លូវឆ្លងកាត់ និងជាកន្លែងស្តុកទុកគ្រឿងញៀនយ៉ាងអនាធិបតេយ្យ។

ទោះបីជាអាជ្ញាធរថៃព្យាយាមបង្ហាញពីស្នាដៃនៃការបង្ក្រាបក៏ដោយ ប៉ុន្តែប្រតិបត្តិការនាពេលថ្មីៗនេះបានស្តែងឱ្យឃើញពីភាពកម្សោយផ្នែកសន្តិសុខយ៉ាងច្បាស់។ កាលពីល្ងាចថ្ងៃទី៨ ខែសីហា កន្លងទៅនេះ ប៉ូលិសផ្លូវល្បឿនលឿនអយុធ្យា សហការជាមួយការិយាល័យបង្ក្រាបគ្រឿងញៀន បានស្ទាក់ចាប់បានរថយន្ដដឹកថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ប្រមាណ ៣២០គីឡូក្រាម (ស្មើនឹង ៣២៣ដុំ) ដែលមានតម្លៃប្រមាណ ៣៨លានបាត (ប្រហែល ១,១៥លានដុល្លារអាមេរិក)។

ទោះជាយ៉ាងណា ប្រតិបត្តិការនេះបានបន្សល់ទុកនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីជនសង្ស័យដែលជាអ្នកបើកបររថយន្តដឹកទំនិញក្លាសេ មានឱកាសបើកគេចខ្លួនទៅដល់ម្តុំរោងចក្រអគ្គិសនី ក្នុងស្រុកវ៉ាំងណយ រួចបោះបង់រថយន្តចោល ហើយរត់គេចខ្លួនដោយជោគជ័យ មុនពេលសមត្ថកិច្ចទៅដល់។ ការដែលជនសង្ស័យអាចដឹកគ្រឿងញៀនរាប់រយគីឡូក្រាម ចេញពីខេត្តឧត្ដរធានីឆ្លងកាត់ខេត្តជាច្រើន ដោយគ្រាន់តែរត់ចោលឡានរត់យករួចខ្លួនយ៉ាងងាយស្រួលបែបនេះ បានឆ្លុះបញ្ចាំងពីចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ជាក់ស្តែងរបស់អាជ្ញាធរថៃ។

ភាពទន់ខ្សោយនៃប្រព័ន្ធការពារព្រំដែនថៃកាន់តែស្តែងឡើងច្បាស់ថែមទៀត តាមរយៈហេតុការណ៍មួយផ្សេងទៀតកាលពីថ្ងៃទី១ ខែសីហា ជាទីដែលកងកម្លាំងបង្ក្រាបគ្រឿងញៀនភូមិភាគ៣ រួមជាមួយកងកម្លាំងពិសេស Pha Muang បានរកឃើញថ្នាំញៀនប្រភេទមេតាហ្វេតាមីន រហូតដល់ ៨លានគ្រាប់ (ច្រកក្នុងបាវ ២៧បាវ) ត្រូវបានគេយកទៅលាក់ទុកនៅវាលកប់ខ្មោច បានសៅវ៉ា ស្រុកថើង ខេត្តឈៀងរ៉ៃ ដើម្បីរង់ចាំការដឹកជញ្ជូនបន្ត។ ថ្នាំញៀនទាំងនេះមានបោះត្រា «999» ផលិតនៅរដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានលួចដឹកឆ្លងកាត់ប្រទេសឡាវ ចូលមកកាន់ទឹកដីថៃតាមច្រកព្រំដែនយ៉ាងរលូន ដោយសារការឧបត្ថម្ភដើមទុនពីមេខ្យល់ឈ្មោះ «Long» ដែលកំពុងសម្ងំលាក់ខ្លួននៅឡាវ។

សរុបមក ករណីស្ទាក់ចាប់បានថ្នាំញៀនរាប់រយគីឡូក្រាម និងរាប់លានគ្រាប់ជាបន្តបន្ទាប់ រួមជាមួយការបើកដៃឱ្យមាននយោបាយកញ្ឆាសេរីកន្លងមក បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់ និងសន្តិសុខជាតិរបស់ប្រទេសថៃ។ ព្រឹត្តិការណ៍ទាំងនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពបរាជ័យជាប្រព័ន្ធរបស់អាជ្ញាធរថៃ ដែលមិនត្រឹមតែមានភាពធូររលុងក្នុងការការពារព្រំដែន និងខ្វះសមត្ថភាពក្នុងការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធច្បាប់ជាក់ស្តែង ដែលបណ្តោយឱ្យមេខ្យល់ និងជនសង្ស័យអាចប្រព្រឹត្តបទល្មើស រួចគេចខ្លួនបានយ៉ាងរលូន។ ប្រសិនបើប្រទេសថៃមិនប្រញាប់ប្រញាល់ធ្វើការកែទម្រង់ស៊ីជម្រៅលើវិធានការសន្តិសុខតាមព្រំដែន និងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពជាងនេះទេ នោះទឹកដីថៃនឹងនៅតែបន្តក្លាយជាជម្រុក និងជាផ្លូវឆ្លងកាត់ដ៏សុវត្ថិភាពសម្រាប់បណ្តាញឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន ដែលនឹងបង្កជាហានិភ័យកាន់តែធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល៕

