ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី «សម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម» ក្នុងគោលបំណងលើកកម្ពស់ ការពារ និងថែរក្សាសិល្បៈ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងសមាគមពិធីករ ពិធីការិនីកម្ពុជា, តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង ២៥ រាជធានី-ខេត្ត, ផលិតករ, សិល្បករ សិល្បការិនី, មន្ត្រីជំនាញ និងអង្គការដៃគូនានា។ វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវរៀបចំឡើងនៅ ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។
ការរៀបចំនេះក៏ដើម្បីចូលរួមកាត់បន្ថយរូបភាព ឬសកម្មភាពអវិជ្ជមានពាក់ព័ន្ធនឹងការស្លៀកពាក់ និងការប្រើប្រាស់វប្បធម៌ខុសឆ្គងក្នុងសង្គមនាពេលបច្ចុប្បន្ន ព្រមទាំងបន្តផ្សព្វផ្សាយទម្រង់វប្បធម៌ប្រពៃណីដ៏ត្រឹមត្រូវទៅកាន់ស្រទាប់យុវជន និងសាធារណជនទូទៅផងដែរ។

វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅតាមរយៈការធ្វើបទបង្ហាញ និងការបកស្រាយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញរបស់ក្រសួងវប្បធម៌ រួមមាន លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ចំរើន វ៉ាន់ថា អនុរដ្ឋលេខាធិការ ដោយផ្តោតលើក្បួនខ្នាតនៃការស្លៀកពាក់ និងសុជីវធម៌ក្នុងពិធីការផ្សេងៗ។
ជាចុងក្រោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមយ៉ាងមុតមាំថា វគ្គសិក្សានេះនឹងក្លាយជាដើមទុនដ៏សំខាន់សម្រាប់អ្នកចូលរួម ក្នុងការនាំយកចំណេះដឹងត្រឹមត្រូវទៅប្រើប្រាស់ និងផ្សព្វផ្សាយបន្តដើម្បីរួមគ្នារក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស និងថ្លៃថ្នូរ៕

