
ភ្នំពេញ៖ វិស័យកសិឧស្សាហកម្មកម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ដោយកសិផលគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា នឹងត្រូវនាំចេញដោយផ្ទាល់ជាលើកដំបូងទៅកាន់ទីផ្សារចក្រភពអង់គ្លេស តាមរយៈកិច្ចសម្របសម្រួលយ៉ាងសកម្មពីក្រសួងពាណិជ្ជកម្ម។
តាមក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រុមហ៊ុនក្នុងស្រុក HCST Investment នឹងធ្វើការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់ខ្លួនទៅកាន់ Whitworths ដែលជាក្រុមហ៊ុនវ័យចំណាស់ និងជាអ្នកផ្គត់ផ្គង់ផ្លែឈើក្រៀម ព្រមទាំងគ្រាប់ធញ្ញជាតិ (Dried fruits, nuts, and seeds) ឈានមុខគេមួយនៅចក្រភពអង់គ្លេស។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានដឹកនាំប្រតិភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃដោយផ្ទាល់នៅរោងចក្រ HCST ក្នុងខេត្តស្ទឹងត្រែង ដើម្បីធានាដំណើរការនាំចេញនេះឱ្យកាន់តែរលូន។
ដោយឡែក ដើមហេតុនៃជោគជ័យនេះ គឺកើតចេញពីការសហការជិតស្និទ្ធរវាងក្រុមហ៊ុនទាំងពីរ ដោយខាងភាគីអង់គ្លេសបានជួយលើកកម្ពស់ស្តង់ដារផលិតកម្មរបស់ HCST ឱ្យឆ្លើយតបទៅនឹងតម្រូវការអន្តរជាតិ។
សូមជម្រាបថា ការបើកច្រកទីផ្សារស្តង់ដារខ្ពស់នៅអង់គ្លេសនាពេលនេះ មិនត្រឹមតែបោះជំហានដ៏ធំមួយសម្រាប់ស្វាយចន្ទីខ្មែរក្នុងការបង្កើនតម្លៃបន្ថែម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សី បង្ហាញពីសមត្ថភាពនៃកសិផលកម្ពុជាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញានឹងបន្តជំរុញឱ្យការនាំចេញនេះមានស្ថិរភាព និងប្រកបដោយចីរភាពយូរអង្វែង៕

