គម្រោងកសាងផ្លូវក្រវ៉ាត់ព្រំដែនក្នុងទិសដៅខេត្តមណ្ឌលគិរី និងរតនគិរី ដែលប្រើប្រាស់មូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានសម្រេចលទ្ធផលយ៉ាងធំធេងរហូតដល់ ៩៨,៨៧% នៃផែនការរួមសរុប ២៦៤,៤០ គីឡូម៉ែត្រ ក្នុងរយៈពេល ២០ ខែចុងក្រោយនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) ចេញផ្សាយនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការកសាងផ្លូវក្រវាត់ព្រំដែនចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មសរុប ៨ កងឯកភាព ដោយប្រើរថយន្ត គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ២៨៦ គ្រឿង ដោយចែកចេញជាទិសខេត្តមណ្ឌលគិរីមាន ៥ កងឯកភាព និងគ្រឿងចក្រ ២០០ គ្រឿង និងទិសខេត្តរតនគិរីមាន ៣ កងឯកភាព និងគ្រឿងចក្រ ៨៦ គ្រឿង។ ជាលទ្ធផល ផ្នែកស្ថាបនាផ្លូវក្នុងខេត្តមណ្ឌលគិរីបានសម្រេច ១០០% ពេញលេញ ខណៈខេត្តរតនគិរីសម្រេចបាន ៩៧,៦៣% រួមទាំងការបើកច្រកផ្លូវកងឯកភាពលេខ ៧១៨ នៃកងវិស្វកម្ម រហូតដល់បង្គោលលេខ០តំបន់ «កន្ទុយនាគ» ដែលជាចំណុចប្រសព្វព្រំដែនកម្ពុជា-ឡាវ-វៀតណាម ផងដែរ។

ទន្ទឹមនឹងការដ្ឋានឈូសឆាយ និងចាក់ក្រាលល្បាយក្រួសប្រវែង ២៥១,៩០ គីឡូម៉ែត្រ កម្លាំងជំនាញបានសហការបោសសម្អាតរំសាយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីសុវត្ថិភាពសរុបចំនួន ៦,៦១ លានម៉ែត្រការ៉េ (៦.៣១០.០០០ ម៉ែត្រការ៉េ) ដោយបានរករឃើញ និងបំផ្លាញចោលគ្រាប់មីន-យុទ្ធភណ្ឌគ្រប់ប្រភេទចំនួន ១០៦ គ្រាប់ (ក្នុងនោះមានគ្រាប់បែកចង្កោម/ប៊ុមប៊ី ៤៣ គ្រាប់) និងអំបែងលោហធាតុទម្ងន់ ១ ០០៦ គីឡូក្រាម ដើម្បីធានាសុវត្ថិភាពដាច់ខាតជូនកងកម្លាំង និងប្រជាពលរដ្ឋ។

បន្ថែមលើការងារឈូសឆាយបើកផ្លូវ គម្រោងនេះបានស្ថាបនាសំណង់សិល្បការ្យគាំទ្រជាច្រើន រួមមាន លូមូលចំនួន ៤៨៤ កន្លែង, លូប្រអប់ចំនួន ៥៤ កន្លែង (សរុបប្រវែង ៤៦៤,៧០ ម៉ែត្រ) ស្ពានបេតុង ២ កន្លែង ប្រវែង ៥៤ ម៉ែត្រ ព្រមទាំងសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ចំនួន ១៤ កន្លែងទៀត ប្រវែងសរុប ៣០៥,៤០ ម៉ែត្រ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង និងបានដាំដើមកូនត្នោតដែលជាអត្តសញ្ញាណជាតិបានរហូតដល់ ៥ ១៦៦ ដើម នៅតាមបណ្តោយខ្សែព្រំដែន។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម កំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេសផ្លូវក្នុងទិសខេត្តមណ្ឌលគិរី ដើម្បីធានាគុណភាពរឹងមាំ និងបង្កើនល្បឿននៃការកសាងសំណង់ផ្លូវ និងសំណង់សិល្បការ្យគ្រប់ប្រភេទក្នុងទិសខេត្តរតនគិរី ឱ្យបានឆាប់រហ័សបំផុតតាមផែនការដែលបានគ្រោងទុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាពក្នុងការប្រើប្រាស់ថវិកាមូលនិធិដែលទទួលបានពីសប្បុរសជនទូទាំងប្រទេស៕

Share.