បន្ទាប់ពីមានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីស្ថានភាពនៃដំណើរការរៀននិងបង្រៀនរបស់សាលារៀននៅក្នុងតំបន់។

ការចុះពិនិត្យជាក់ស្តែងលើទីតាំងខាងលើ ក៏មានការចូលរួមពីឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមួយចំនួនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាដូងទាំងអស់ ក្នុងការបណ្តុះស្មារតីកុមារឱ្យមានចំណេះដឹងសម្រាប់អនាគត ជាពិសេសការអប់រំឱ្យកុមានមានចិត្តស្រឡាញ់បរិស្ថាន ការចូលរួមថែរក្សាព្រៃឈើ និងការកាត់បន្ថយប្លាស្ទិក ដោយផ្សារភ្ជាប់នឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ផ្តោតលើភាពស្អាត បៃតង និងចីរភាព។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចុះស្វែងយល់ពីស្ថានភាពអប់រំរបស់សាលាដូង ឯកឧត្តមរដ្ឋមន្រ្តីបានចុះជួប និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាគីរីរម្យ ដែលមានទីតាំងនៅក្នុងតំបន់ភ្នំគីរីរម្យផងដែរ។

កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសមិទ្ធផលដ៏មានប្រយោជន៍ បង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារចំនួនជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកថា នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានគាំទ្រឲ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតា ដើម្បីបង្រៀនសិស្ស និងបានប្រគល់ភារកិច្ចជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រី ជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឲ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាច នៅបន្តដំណើរការបណ្ដុះបណ្ដាល របស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចសម្តេចសម្រួលបន្ទុកលើដំណើរការសាលាដូង ដោយផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ ជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ ២០២៦ នេះតទៅ៕

Share.