ការឆបោកតាមអនឡាញ (Scam) ទម្រង់ថ្មីមួយទៀតកំពុងតែរីករាលដាល និងបោកបញ្ឆោតជនរងគ្រោះយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសថៃ ដោយបានទាញយកផលប្រយោជន៍ពីការកើនឡើងនៃប្រជាប្រិយភាពនៃការសន្សំកាតហ្គេមពេញនិយម ដែលមានតម្លៃថ្លៃៗ។ ល្បិចកលនេះត្រូវបានលាតត្រដាងឡើង បន្ទាប់ពីក្មេងប្រុសម្នាក់អាយុទើបតែ ១១ឆ្នាំបានចាញ់បោកអស់ថវិការហូតដល់ទៅ ១លានបាត (ឬប្រហែល ៣ម៉ឺនដុល្លារ) ក្នុងការទិញកាត Pokémon កម្រមួយសន្លឹក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នាពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមជនរងគ្រោះយ៉ាងហោចណាស់ ២៥នាក់ បានដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់នាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច (ECD) នៃស្នងការដ្ឋាននគរបាលថៃ ដើម្បីចាត់វិធានការផ្លូវច្បាប់លើជនសង្ស័យម្នាក់ឈ្មោះ «Mr. Mor»។
ដំបូងឡើយជនសង្ស័យបានធ្វើសកម្មភាពទាក់ទាញអ្នកប្រមូល និងអ្នកជំនួញកាត Pokémon នៅក្នុងសហគមន៍ថៃ ដោយអះអាងថាខ្លួនមានសមត្ថភាពបញ្ជាទិញកាតកម្រ និងកាតមានតម្លៃខ្ពស់ពីបរទេស។ ក្នុងដំណាក់កាលដំបូង រូបគេបានដឹកជញ្ជូនទំនិញពិតប្រាកដជូនអតិថិជន ដើម្បីសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះ។ បន្ទាប់ពីទទួលបានការទុកចិត្ត និងមានការទិញដូរកាន់តែទូលាយ ជនសង្ស័យបានគេចវេសមិនព្រមប្រគល់ទំនិញ ដោយប្រើលេសថាមានបញ្ហាពន្ធដារ និងគយនៅច្រកចូល ប្រទេសរួចក៏បានបិទគណនី Facebook អាជីវកម្មរបស់ខ្លួន និងផ្តាច់ការទាក់ទងតែម្តង។

ហេតុការណ៍ប៉ូលិសថៃបានឱ្យដឹងថា ទំហំទឹកប្រាក់ខូចខាតសរុបមានលើសពី ៥លានបាត ដោយជនរងគ្រោះភាគច្រើនជាក្រុមយុវជន និងកុមារដែលនិយមប្រមូលកាតធ្វើជាចំណង់ចំណូលចិត្ត ឬធ្វើជាមុខរបររកប្រាក់ចំណូលបន្ថែម។ ជនរងគ្រោះម្នាក់ទៀតអាយុ ២២ឆ្នាំ បានទម្លាយថា រូបគេបានខាតបង់ប្រាក់ជាង ១០០០,០០០បាត លើកាតកម្រដែលមានតម្លៃរហូតដល់ ៦០០០០បាត ក្នុងមួយសន្លឹក។
ករណី Scam ទម្រង់ថ្មីនេះបានស្តែងឱ្យឃើញពីចន្លោះប្រហោងនៃការគ្រប់គ្រង និងការការពារអ្នកប្រើប្រាស់នៅក្នុងទីផ្សារ Trading Cards របស់ថៃ ដែលកំពុងរីករាលដាលដូចផ្សិត ប៉ុន្តែវាពោរពេញដោយហានិភ័យនៃការឆបោក។ រហូតមកទល់ពេលនេះជនសង្ស័យនៅមិនទាន់ចាប់ខ្លួនបាន ហើយការស៊ើបអង្កេតបានលាតត្រដាងថា នៅមានបណ្ដាញចែកចាយជាច្រើនទៀតកំពុងធ្វើសកម្មភាពឆបោកតាមអនឡាញយ៉ាងមិនញញើត៕
