ភ្នំពេញ៖ ផ្សារស្ទឹងមានជ័យចាស់ ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៩៦០ និងមានអាយុកាលជាង៦៦ឆ្នាំមកហើយ កំពុងត្រូវបានអាជ្ញាធររាជធានីភ្នំពេញរៀបចំជួសជុល និងសាងសង់ដំបូលថ្មីឡើងវិញ បន្ទាប់ពីសំណង់ឈើប្រក់ក្បឿងចាស់នេះ មានសភាពទ្រុឌទ្រោមខ្លាំង និងបង្កការព្រួយបារម្ភពីសុវត្ថិភាពដល់អាជីវករ និងអ្នកចូលផ្សារ។ គម្រោងជួសជុលនេះ ត្រូវបានចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយគ្រោងប្រើរយៈពេល១១០ថ្ងៃ ដើម្បីសាងសង់ដំបូល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ។

ផ្សារស្ទឹងមានជ័យចាស់ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦០ ជាសំណង់ធ្វើអំពីឈើប្រក់ក្បឿង។ ក្រោយប្រើប្រាស់អស់រយៈពេលជាង៦៦ឆ្នាំ សំណង់ និងដំបូលផ្សារបានចាស់ទ្រុឌទ្រោមខ្លាំង រហូតបង្កការលំបាក និងហានិភ័យដល់អ្នកប្រកបអាជីវកម្ម និងអតិថិជន។


ដោយសារស្ថានភាពនេះ និងតាមសំណើរបស់អាជីវករ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរៀបចំជួសជុល និងសាងសង់ដំបូលផ្សារឡើងវិញ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ដើម្បីលើកកម្ពស់សុវត្ថិភាព អនាម័យ បរិស្ថាន និងសោភ័ណភាពផ្សារ។ ការជួសជុលនេះក៏បានធ្វើឱ្យអាជីវករជាង១០០នាក់ ដែលប្រកបរបរនៅផ្សារស្ទឹងមានជ័យចាស់ សម្តែងការសាទរ និងអរគុណចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់ចាស់ទ្រុឌទ្រោម ដែលពួកគាត់ត្រូវប្រឈមជាយូរមកហើយ។

សូមបញ្ជាក់ថា ផ្សារស្ទឹងមានជ័យមានតូបលក់ដូរសរុប១៨៦តូប ក្នុងនោះមាន៩៨តូបដែលស្ថិតនៅក្រោមដំបូលផ្សារ។ តាមគម្រោង ការងារសាងសង់នឹងត្រូវបញ្ចប់ក្នុងរយៈពេល១១០ថ្ងៃ៕

អត្ថបទ៖ សេង សាវី

Share.