ពោធិ៍សាត់៖ គម្រោងវិនិយោគជាច្រើនលើវិស័យថាមពល កសិកម្ម និងឧស្សាហកម្ម គ្រោងអភិវឌ្ឍនៅខេត្តពោធិ៍សាត់ តាមរយៈក្រុមហ៊ុន KPS Energy Cambodia ខណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានស្នើឱ្យក្រុមហ៊ុនអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងគិតគូរដល់បរិស្ថាន និងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គម្រោងដែលក្រុមហ៊ុនគ្រោងអភិវឌ្ឍរួមមាន រោងចក្រផលិតអគ្គិសនីដើរដោយជីវម៉ាស អនុភាពប្រមាណ៥០មេហ្គាវ៉ាត់ និងរោងចក្រផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ អនុភាពប្រមាណ៤០មេហ្គាវ៉ាត់។ ក្រៅពីនេះ ក៏មានរោងចក្រផលិតជី គម្រោងដាំដើមឈើ និងអភិវឌ្ឍធនធានបៃតង ព្រមទាំងរោងចក្រផលិតគីមឈី និងសកម្មភាពកែច្នៃផលិតផលកសិកម្មផ្សេងៗទៀត។

សម្រាប់គម្រោងជីវម៉ាស ក្រុមហ៊ុនមានគោលដៅប្រើប្រាស់ជីវម៉ាសប្រភេទដើមអាកាស្យាដែលមាននៅក្នុងមូលដ្ឋាន ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែម ខណៈគម្រោងថាមពលព្រះអាទិត្យជាប្រភពថាមពលកកើតឡើងវិញ ដែលស្របនឹងទិសដៅប្រើប្រាស់ថាមពលស្អាត និងប្រកបដោយចីរភាព។

ជាមួយគ្នានេះ រោងចក្រផលិតជីអាចជួយផ្គត់ផ្គង់ធាតុចូលដល់វិស័យកសិកម្ម ខណៈការដាំដើមឈើ និងអភិវឌ្ឍធនធានបៃតង នឹងផ្តោតលើការបង្កើនផ្ទៃបៃតង និងការធានាប្រភពវត្ថុធាតុដើមសម្រាប់សកម្មភាពផលិតកម្ម។

អភិបាលខេត្តពោធិ៍សាត់ បានស្នើឱ្យក្រុមហ៊ុនគោរពច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា យកចិត្តទុកដាក់ការពារបរិស្ថាន និងផ្តល់ឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តតាមលទ្ធភាពសមស្រប។

លោកបានមើលឃើញថា ប្រសិនបើគម្រោងទាំងនេះអាចអនុវត្តបានតាមផែនការ វាអាចបង្កើតខ្សែសង្វាក់សេដ្ឋកិច្ចចាប់ពីថាមពល ទៅកសិកម្ម ពីកសិកម្មទៅឧស្សាហកម្ម និងបន្តទៅការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ការរៀបចំកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគរវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមហ៊ុន KPS Energy Cambodia បានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់៕

អត្ថបទ៖​ពោធិ៍សាត់

Share.