រាជរដ្ឋាភិបាលកម្ពុជាបានបន្តបង្ហាញជំហរការពារជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ថា ពិភពលោកមិនស្ងៀមស្ងាត់ឡើយចំពោះអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់​កង​កម្លាំង​យោធាថៃ ព្រមទាំងការរំលោភបំពានលើសិទ្ធិជនភៀសសឹកខ្មែរ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សំឡេងការពិតជុំវិញការរំលោភលើច្បាប់អន្តរជាតិ និងការឈ្លានពានទឹកដីកម្ពុជាដោយកងកម្លាំងថៃ កំពុងត្រូវ បានទម្លាយ និងផ្សព្វផ្សាយជាបន្តបន្ទាប់ដោយបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិដែលស្រឡាញ់សន្តិភាព និងអ្នកការពារច្បាប់អន្តរជាតិ។

ផ្អែកលើការទូត និងកិច្ចការពារជាតិជាយុទ្ធសាស្ត្រ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំលេចនូវចំណុចសំខាន់ៗដែលកម្ពុជាកំពុងអនុវត្តដើម្បីការពារអធិបតេយ្យភាពជាតិថា ៖

១.ការការពារអធិបតេយ្យភាពជាអាទិភាពកំពូល៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយការពារជាតិ ដោយចាត់ទុកអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុតដែលមិនអាចលះបង់បានឡើយ។

២.ការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការ UNCLOS៖ កម្ពុជាបាននិងកំពុងធ្វើសកម្មភាពការទូតយ៉ាងសកម្ម ដោយជំរុញយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលផ្តួចផ្តើមដោយកម្ពុជាផ្ទាល់ ហើយបច្ចុប្បន្នកំពុងដំណើរការទៅមុខយ៉ាងរលូន ដើម្បីដោះស្រាយវិបត្តិព្រំដែនសមុទ្រ និងគោកដោយសន្តិវិធី។

ការជំរុញការខណ្ឌសីមា និងការវិលត្រឡប់របស់ជនភៀសសឹក៖ កម្ពុជាកំពុងជំរុញយ៉ាងខ្លាំងលើដំណើរការវាស់វែង និងខណ្ឌសីមាព្រំដែនគោកតាមរយៈយន្តការគណៈកម្មាធិការព្រំដែនរួម (JBC) ព្រមទាំងទាមទារយ៉ាងដាច់ខាតឱ្យមានការសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពរបស់ជនភៀសសឹកខ្មែរ ដែលជាទិសដៅស្របគ្នានឹងការចង់បានរបស់សហគមន៍អន្តរជាតិផងដែរ។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តឈរលើមូលដ្ឋានគ្រឹះនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងទាមទារឱ្យភាគីថៃគោរពច្បាប់ បញ្ឈប់ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងអនុវត្តតាមកិច្ចព្រមព្រៀងនានាដោយស្មោះត្រង់៕

Share.