ក្នុងខណៈដែលប្រជាពលរដ្ឋថៃសាមញ្ញរាប់លាននាក់ កំពុងតែរងទុក្ខវេទនា និងស្រែកទ្រហោយំយ៉ាងខ្លោចផ្សាដោយសារតែវិបត្តិគ្រោះទឹកជំនន់វាយប្រហារខេត្តជាច្រើនក្នុងប្រទេស ព្រមទាំងការរីករាលដាលយ៉ាងអនាធិបតេយ្យនៃឧក្រិដ្ឋកម្មគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពេញផ្ទៃប្រទេសនោះ ស្រាប់តែស្ថាប័នព្រះមហាក្សត្រ និងយោធាថៃវិញ បានបង្កើតរូបភាពដ៏ផ្ទុយស្រឡះ តាមរយៈការសម្ញែងរូបថតភាពស្រេកឃ្លានសង្គ្រាមរបស់ម្ចាស់ក្សត្រីថៃទៅវិញ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃបានឱ្យដឹងថា ម្ចាស់ក្សត្រីថៃ ស៊ូធីដា បានសម្ញែងរូបភាពចាប់ផ្តើមវគ្គហ្វឹកហ្វឺនបើកយន្តហោះចម្បាំងធុនធ្ងន់ Gripen 39 C/D នៅឯកងពលអាកាសលេខ៧ ក្នុងខេត្តសុរ៉ាតថានី គិតចាប់ពីថ្ងៃទី២០ ខែសីហា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ តើការសម្ញែងរបស់ស្ថាប័នព្រះមហាក្សត្រ និងយោធាថៃ ចង់ផ្ញើសារអ្វីទៅកាន់ប្រជាពលរដ្ឋថៃ និងពិភពលោក?
ខណៈដែលប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនបានចូលរួមលើកតម្កើងកម្មវិធីនេះថា អាចនឹងធ្វើឱ្យស្ដេចថៃក្លាយជា «ម្ចាស់ក្សត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបើកយន្តហោះចម្បាំងតែម្នាក់ឯង» បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហ្វឺនលើកម្រិតពិសោធន៍ និងយន្តហោះហ្វឹកហាត់ L-39 រួចមក។ រូបភាពហ្វឹកហាត់សព្វាវុធផ្លូវអាកាសដ៏គ្រោះថ្នាក់នេះ ហាក់ផ្ទុយស្រឡះពីអ្វីដែលថៃ តែងតែផ្ញើសារទៅកាន់ពិភពលោកថាខ្លួនស្រលាញ់សន្តិភាព និងចង់រក្សាសន្តិសុខក្នុងតំបន់ ត្បិតអីរូបភាពនេះវាប្រៀបបាននឹងរូបភាពផ្សព្វផ្សាយ និងគាំទ្រទៅដល់កងទ័ព ដោយប្រយោល។

ខណៈភាពស្រពិចស្រពិលនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ភាគីថៃនៅតែបន្តលេងល្បែងទាញព្រ័ត្រ មិនព្រមចូលតុចរចាតាមការស្នើរបស់កម្ពុជា ដើម្បីបញ្ចប់ការវាស់វែងព្រំដែននៅលើដីជាក់ស្ដែង ដោយបន្តយកលេសពន្យាពេលម្ដងហើយម្ដងទៀត។ រូបភាពបើកយន្តហោះចម្បាំង ក្នុងស្ថានភាពដែលថៃ កំពុងតែរងគ្រោះនេះ កំពុងក្លាយជាសំនួរចោទសួរដ៏ធំថា ពេលនេះគួរតែជាពេលផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះឱ្យទាន់សភាពការណ៍ ជាជាងបង្អួតសព្វាវុធសង្គ្រាម និងជំនាញប្រយុទ្ធ។
យ៉ាងណាមិញ កាលពីខែកក្កដាកន្លងមក មហាក្សត្រ និងម្ចាស់ក្សត្រីថៃ ធ្លាប់បានយាងទៅទស្សនាមជ្ឈមណ្ឌលចែកចាយយន្តហោះ Airbus ក្នុងទីក្រុង Toulouse ប្រទេសបារាំង និងបានរំលេចនូវគម្រោងទិញយន្តហោះ Boeing ផ្ទាល់ខ្លួន ស្របពេលដែលមហាក្សត្រ និងម្ចាស់ក្សត្រីថៃ ជាអ្នកនិយមនិងស្រឡាញ់ការបើកយន្តហោះតែម្ដង។ ហេតុការណ៍នេះក៏បានធ្វើឱ្យពលរដ្ឋមួយចំនួនត្អូញត្អែពីប្រាក់បង់ពន្ធដែលពួកត្រូវបានកាតព្វកិច្ចជូនរដ្ឋ ហើយបែរជាទទួលបានវិញនូវភាពព្រងើយកន្ដើយពីស្ថានប័នរដ្ឋាភិបាល នៅពេលមានគ្រោះអាសន្នក្នុងប្រទេស។

តាមការកត់សម្គាល់នាពេលនេះបានឱ្យដឹងថា វិបត្តិទឹកជំនន់ និងជីវភាពប្រជាជនពលរដ្ឋថៃជាច្រើនមិនត្រូវបានរដ្ឋបាលថៃជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។ ជាក់ស្ដែងនៅទឹកជំនន់នៅក្នុងខេត្តណាន និងខេត្តដទៃទៀតដែលមានហានិយភ័យកម្រិតខ្ពស់ បានស្ដែងឱ្យឃើញថា ទាល់តែទឹកឡើងជិតលិចដំបូលផ្ទះប្រជាពលរដ្ឋហើយនោះបានមានក្រុមជួយសង្គ្រោះមកដល់។ ហើយពលរដ្ឋថៃដែលរស់នៅជាច្រើនខេត្តទៀត និងកំពុងតែរស់នៅជាមួយទឹកជំនន់ បានស្រែកពីភាពខ្វះខាតជំនួយ និងគ្មានជម្រកសមរម្យសុវត្ថិភាពដូចគ្នា។
មួយវិញទៀត បទល្មើសគ្រឿងញៀននៅក្នុងប្រទេសថៃក៏កំពុងវាយលុកដល់សាលារៀនដែលជាទីតាំងគ្រឹះនៃការផលិតធនធានមនុស្សរបស់ថៃ រីឯបណ្តាញស្កេមអនឡាញវិញបានកំពុងធ្វើសកម្មភាពបោកប្រាស់ប្រាក់រាប់លានបាតពីកុមារ និងពលរដ្ឋស្លូតត្រង់ជារៀងរាល់ថ្ងៃ ដោយគ្មានការអន្តរាគមន៍បង្ក្រាបឱ្យមានប្រសិទ្ធភាពពីសមត្ថកិច្ចឡើយ។ ដូច្នេះហើយតើស្ថាប័នរដ្ឋាភិបាលធំៗរបស់ថៃកំពុងតែធ្វើអ្វីឱ្យពិតប្រាកដ ឬគ្រាន់តែបង្ហាញសកម្មភាពអែបអមស្ថាប័នថ្នាក់កំពូល ដែលកំពុងតែស្រែកឃ្លានសង្គ្រាមបែបនេះ?

នៅពេលដែលប្រជានុរាស្ត្រជួបទុកលំបាក ដែលថ្នាក់នាំជាតិថៃបែរជានាំគ្នាសាទរចំពោះរូបភាពបង្ហាញពីការបើកយន្តហោះចម្បាំងបំផ្លិចបំផ្លាញសន្តិភាព និងញាំញីសេដ្ឋកិច្ចថៃបែបនេះ ច្បាស់ណាស់ មិនត្រឹមតែស្តែងឱ្យឃើញពីការមើលរំលងសុខទុក្ខរបស់រាស្ត្រខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីវប្បធម៌យោធានិយមដែលចាក់ឫសយ៉ាងជ្រៅក្នុងជួរថ្នាក់ដឹកនាំថៃ ដែលនិយមចូលចិត្តបង្កើនភាពតានតឹង និងសម្ញែងអាវុធ ជាជាងការដោះស្រាយទុក្ខវេទនាពិតប្រាកដរបស់ប្រជាជនខ្លួន៕
