សារព័ត៌មានថៃបានផ្សាយថា អាជ្ញាធរឡាវបានបើកយុទ្ធនាការបង្ក្រាបយ៉ាងក្តៅគគុកលើបណ្តាញល្បែងស៊ីសង និងបទល្មើសឆបោកតាមអនឡាញ (Scam) ទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ជាលទ្ធផលបានឈានទៅដល់ការបណ្ដេញចេញ និងបញ្ជូនខ្លួនក្រុម Scammer ជាតិថៃចំនួន ៦ នាក់ ត្រឡប់ទៅប្រគល់ជូនសមត្ថកិច្ចថៃវិញដោយជោគជ័យ។

ពិធីប្រគល់ និងទទួលខ្លួននេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:៣០នាទី ស្ថិតនៅច្រកទ្វារព្រំដែនស្ពានមិត្តភាពថៃ-ឡាវទី១។ ភាគីថៃបានចុះទៅទទួលយកពលរដ្ឋថៃខ្លួនដែលធ្វើការជា Scammer ទាំង ៦ នាក់នោះ។ ក្រោយទទួលបានខ្លួន អាជ្ញាធរថៃបានបញ្ជូនក្រុមមនុស្សទាំងនោះទៅឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យអន្តោប្រវេសន៍ខេត្តណងខៃ ដើម្បីអនុវត្តនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការបណ្ដេញ Scammer ជនជាតិថៃចេញពីប្រទេសឡាវនាពេលនេះ បានស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់អាជ្ញាធរឡាវ ក្នុងការលុបបំបាត់ និងបោសសម្អាតសម្បុកបទល្មើសបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ ឆ្លងដែននៅក្នុងតំបន់ឱ្យមានប្រសិទ្ធភាព៕

